(កូឡុំបូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ស្រីលង្កានឹងត្រូវការជំនួយពីខាងក្រៅប្រហែល ៣ប៊ីលានដុល្លារក្នុងរយៈពេលប្រាំមួយខែខាងមុខ ដើម្បីជួយស្ដារការផ្គត់ផ្គង់ទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ និងថ្នាំសង្កូវជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសដីកោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះបានរងគ្រោះដោយសារការដាច់ចរន្តអគ្គិសនីនិងការខ្វះខាតការផ្គត់ផ្គង់ដែអូសបន្លាយពេលយូរ ដែលបានបណ្តាលឱ្យក្រុមបាតុករចេញទៅកាន់តាមដងផ្លូវ និងដាក់សម្ពាធឱ្យប្រធានាធិបតី Gotabaya Rajapaksa ចាកចេញពីតំណែង។

ដោយសំដៅលើការស្វែងរកថវិកាចំនួន ៣ប៊ី លានដុល្លារអាមេរិកដើម្បីប្រើប្រាស់បណ្តោះអាសន្នក្នុងការដោះស្រាយតម្រូវការចាំបាច់ក្នុងប្រទេស ខណៈដែលប្រទេសនេះត្រៀមខ្លួនសម្រាប់ការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងខែនេះ លោក Ali Sabry រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងបទសម្ភាសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងសប្តាហ៍នេះថា៖ «វាជាកិច្ចការដ៏លំបាក់ខ្លាំងមួយ»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្រីលង្កានឹងសម្លឹងឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធមូលបត្របំណុលរដ្ឋអន្តរជាតិឡើងវិញ និងស្វែងរកការផ្អាកលើការទូទាត់សងបំណុល ហើយប្រទេសនេះមានទំនុកចិត្តថា ខ្លួនអាចចរចាជាមួយម្ចាស់បំណុលបានលើការបង់សងបំណុលចំនួន ១ ប៊ីលានដុល្លារអាមេរិកដែលនឹងត្រូវដល់កំណត់សងក្នុងខែកក្កដាឆ្នាំនេះ។

លោក Sabry មានប្រសាសណ៍ថា៖ «ការខិតខំទាំងស្រុងគឺមិនចង់ឱ្យកើតមានការបរាជ័យសងបំណុលដែលមានផលប៉ះពាល់ខ្លាំង (hard default)។ យើងយល់ពីផលវិបាកនៃការបរាជ័យសងបំណុលដែលមានផលប៉ះពាល់ខ្លាំងនេះ»។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន JP Morgan បានប៉ាន់ប្រមាណកាលពីសប្តាហ៍មុនថា សេវាបំណុលសរុបរបស់ប្រទេសស្រីលង្កានឹងមានចំនួន ៧ប៊ីលានដុល្លារនៅឆ្នាំនេះ និងមានឱនភាពគណនីចរន្តប្រហែល ៣ប៊ីលានដុល្លារ។

ទិន្នន័យធនាគារកណ្តាលស្រីលង្ការបានបង្ហាញ ស្រីលង្កាមានមូលបត្របំណុលរដ្ឋអន្តរជាតិសរុបចំនួន ១២,៥៥ប៊ីលានដុល្លារអាមេរិក និងមានប្រាក់បម្រុងរូបិយប័ណ្ណអន្តរជាតិចំនួន ១,៩៣ប៊ីលានដុល្លារនៅដំណាច់ខែមីនា។

លោក Sabry បានថ្លែងថា៖ «អាទិភាពទីមួយគឺត្រូវមើលឃើញថា យើងត្រលប់ទៅកាន់បណ្តាញផ្គត់ផ្គង់ធម្មតាវិញទាក់ទងនឹងប្រេងឥន្ធនៈ ឧស្ម័ន ថ្នាំសង្កូវ ... និងអគ្គិសនី ដូច្នេះ ការងើបឡើងតវ៉ារបស់ប្រជាជនអាចត្រូវបានដោះស្រាយ»។

លោក Sabry បានបន្ថែមថា លោកនឹងដឹកនាំគណៈប្រតិភូរបស់មន្ត្រីស្រីលង្កាទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយមូលនិធិ IMF នៅថ្ងៃទី១៨ ខែមេសា និងថា ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងច្បាប់នឹងត្រូវបានជ្រើសរើសក្នុងរយៈពេល២១ ថ្ងៃដើម្បីជួយរដ្ឋាភិបាលឱ្យរៀបចំរចនាសម្ព័ន្ធបំណុលអន្តរជាតិរបស់ខ្លួនឡើងវិញ។

លោកបានបន្តថា៖ «នៅពេលដែលយើងទៅជួបពួកគេ រឿងដំបូងគឺថា មានការជឿជាក់ចំពោះសហគមន៍រូបិយវត្ថុអន្តរជាតិទាំងមូលថា យើងចង់ធ្វើពិតប្រាកដ។ យើងមានតម្លាភាព យើងមានឆន្ទៈក្នុងការចូលរួម»៕