(ប៉ារីស)៖ ក្រុមហ៊ុនវាយចំណាត់ថ្នាក់ឥណទាន S&P Global Ratings នៅចុងសប្តាហ៍មុនបានទម្លាក់ចំណាត់ថ្នាក់ការទូទាត់សងបំណុលជារូបិយប័ណ្ណបរទេសរបស់ប្រទេសរុស្ស៊ីដល់កម្រិត «ការបរាជ័យដោយផ្នែក (selective default)» បន្ទាប់ពីទីក្រុងម៉ូស្គូបានបង់សងបំណុលជាប្រាក់ដុល្លារដោយប្រើប្រាក់រូបរុស្ស៊ីនៅសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសមួយដែលចេញផ្សាយដោយក្រុមហ៊ុន S&P ថា ការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូដោយប្រទេសលោកខាងលិចដោយសារការឈ្លានពានរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែន ទំនងជានឹងកើនឡើង និងរារាំងដល់ «ឆន្ទៈ និងសមត្ថភាពបច្ចេកទេស» របស់រុស្ស៊ីក្នុងការគោរពកាតព្វកិច្ចបំណុលរបស់ខ្លួនចំពោះម្ចាស់បំណុលបរទេស។

ប្រទេសរុស្ស៊ីបានទូទាត់ការប្រាក់សម្រាប់កាតព្វកិច្ចបំណុលមួយចំនួននៅក្នុងខែមីនា បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់រូបិយប័ណ្ណបរទេសដែលខ្លួបកាន់កាប់នៅបរទេសដើម្បីទូទាត់បំណុលនៅក្រៅបរទេសរុស្ស៊ី។

ប៉ុន្តែសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទសប្តាហ៍មុនបានផ្លាស់ប្តូរការសម្រេចចិត្តនេះវិញ ហើយត្រឹមតែអនុញ្ញាតឱ្យរុស្ស៊ីសងបំណុលរបស់ខ្លួនដោយប្រើប្រាស់ប្រាក់ដុល្លារដែលមាននៅក្នុងធនាគាររបស់អាមេរិកប៉ុណ្ណោះ។

យោងទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធសប្តាហ៍មុនបានប្រកាសថា ខ្លួនបានទូទាត់បំណុលជាប្រាក់រូបដែលមានតម្លៃជិត ៦៥០លានដុល្លារអាមេរិកដែលដល់ពេលត្រូវសងនៅថ្ងៃទី៤ ខែមេសា។

ការផ្តល់ចំណាត់ថ្នាក់បំណុល «បរាជ័យដោយផ្នែក» របស់ក្រុមហ៊ុន S&P កើតមាននៅពេលដែលអ្នកខ្ចីបំណុលបរាជ័យលើកាតព្វកិច្ចបំណុលដោយផ្នែកជាក់លាក់ ប៉ុន្តែនៅមានលទ្ធភាពសងបំណុលផ្សេងទៀតទាន់ពេលវេលា។

ក្រុមហ៊ុន S&P បានរក្សាចំណាច់ថ្នាក់សម្រាប់ការទូទាត់សងបំណុលជារូបិយ័ណ្ណរូបរបស់រុស្ស៊ីនៅកម្រិត «CC» ដែលចំណាត់ថ្នាក់នេះមានន័យថា បំណុលងាយរងគ្រោះខ្លាំងណាស់ក្នុងការបរាជ័យសង។

ដូចទៅនឹងប្រទេសផ្សេងទៀតផងដែរ រុស្ស៊ីខ្ចីប្រាក់ក្នុងទម្រង់ជាកាតព្វកិច្ចបំណុល ដែលជារឿយៗខ្ចីជាប្រាក់ដុល្លារ ហើយត្រូវបង់ការប្រាក់ជាប្រចាំបន្ថែមពីលើការសងបំណុលទាំងនោះវិញ។

ប្រទេសមួយត្រូវបានចាត់ទុកថាបរាជ័យសងបំណុល នៅពេលដែលប្រទេសនោះមិនអាចគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះម្ចាស់បំណុលដែលអាចជារដ្ឋាភិបាល ឬស្ថាប័ននានាដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឬវិនិយោគិនលើទីផ្សារហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕