(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានបង្ហាញពីអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានបន្ទាប់ ពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥នេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ២០២១-២០៣៥នេះ នឹងអនុញ្ញាតឲ្យខេត្តមណ្ឌលគីរី ក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជាប្រភេទអេកូទេសចរណ៍, ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឲ្យភូមិភាគឦសាន្ដ ដោយមានខេត្តមណ្ឌលគីរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា»

អគ្គបណ្ឌិតសភាចារ្យបានបន្ដថា ការកំណត់តំបន់អាទិភាពសំខាន់ៗ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅក្នុងផែនការមេនេះ នឹងជំរុញឲ្យខេត្តមណ្ឌលគីរី ប្រើប្រាស់ឲ្យអស់លទ្ធភាព នូវសក្ដានុពលដ៏សម្បូរបែបរបស់ខ្លួន តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និងអភិវឌ្ឍនជនជាតិដើមភាគតិច និងការផ្សារភ្ជាប់ជាមួយពហុវិស័យដទៃទៀត។

អគ្គបណ្ឌិតបញ្ជាក់ថា «ខេត្តមណ្ឌលគីរីមានសក្ដានុពលដ៏ធំធេងក្នុងវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍន៍កសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំឧស្សាហកម្មនានាដូចជា ដំណាំកាហ្វេជាដើម»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ភាពជោគជ័យនឹងបោះជំហានទៅមុខ អាស្រ័យលើការចូលរួម កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ស៊ីជម្រៅ និងការទទួលខុសត្រូវ គ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាពជាដៃគូរវាងរដ្ឋ ពលរដ្ឋ និងឯកជន ព្រមទាំងការចូលរួមពីដៃគូរអភិវឌ្ឍន៍ផ្លូវការ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិកាជាតិ ដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងថា យោងតាមការវិភាគរបស់ក្រុមការងារបច្ចេកទេស វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើន នៃវដ្តជីវិតនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។

លោកបណ្ឌិតបន្ថែមថា ឈរលើមូលដ្ឋាននេះ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ មានគោលបំណងតម្រង់ទិសដៅអភិវឌ្ឍ ក្នុងក្របខណ្ឌយុទ្ធសាស្រ្តរបស់ខេត្តមណ្ឌលគិរី ដោយឈរលើទិន្នន័យ ការវិភាគស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពល សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ នឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ច-សង្គមដល់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ទន្ទឹមនឹងនេះតាមរយៈអារម្ភកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការអនុម័តផែនការមេនេះ រាជរដ្ឋាភិបាលក៏ឯកភាព ក្នុងការកំណត់អាទិភាពសំខាន់ៗចំនួន៦ ត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍ និងត្រូវកំណត់អំពីវិសាលភាពនៃ សកម្មភាពវិនិយោគ និងអភិវឌ្ឍតំបន់ទាំងនេះឲ្យបានច្បាស់លាស់រួមមាន៖

១៖ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥។
២៖ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ប៊ូស្រា-ដាក់ដាំ។
៣៖ ក្រុងសែនមនោរម្យ។
៤៖ តំបន់ស្រុកអូររាំងភ្ជាប់ជាមួយ ការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី។
៥៖ តំបន់ប្រជុំជននៃស្រុកកោះញែក។
៦៖ តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។

ក្នុងន័យនេះបំណងប្រាថ្នាសំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកបណ្ឌិតបន្ដថា ដូច្នេះខេត្តមណ្ឌលគិរី ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឲ្យកត់សម្គាល់ ស្របពេលដែលបញ្ហាប្រឈមថ្មីៗក្នុងពិភពលោក ដូចជាភាពតានតឹងនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងហេតុការណ៍ដែលកើតឡើងឥតគ្រោងទុក ដូចជាករណីវិបត្តិជំងឺកូវីដ-១៩ជាដើម ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន៕