(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ១៩ លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី កូវីដ១៩ លឿនជាងគេនៅលើពិភពលោកគឺ អេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន៨០.៥ពិន្ទុ។

ភាពល្បីល្បាញរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកនេះ ត្រូវបានមន្ត្រី និងអ្នកជំនួញកម្ពុជា លើកឡើងថានឹងចូលរួមចំណែកជួយជំរុញទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគចូលមកកម្ពុជា។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដែលកម្ពុជាឈរចំណាត់ថ្នាក់លេខ២ លើពិភពលោក ងើបចេញពីកូវីដ១៩ លឿនជាងគេនេះ ដោយសារតែវិធានការចាក់វ៉ាក់សាំង និងការស្វែងរកវ៉ាក់សាំង ទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចម្បង បង្ហាញឲ្យឃើញពីភាពត្រឹមត្រូវ ទទួលបានការវាយតម្លៃពីស្ថាប័នអន្តរជាតិផ្សេងៗ។

លោកបន្តថា ក្រៅតែពីវិធានការចាក់វ៉ាក់សាំង ជូនប្រជាជនបានលឿន ក៏មានវិធានការចាក់ថវិកាចូលសេដ្ឋកិច្ច ជារឿងមួយដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានដាក់ចេញប្រកបដោយភាពត្រឹមត្រូវផងដែរ ដូចជាការជួយដល់ពលរដ្ឋក្រីក្រ ជួយដល់សហគ្រាស កម្មករ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ សុទ្ធសឹងជាចំណាក់ការដែលឆ្លើយតបទាន់ពេលវេលា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា «លទ្ធផលដែលយើងងើបពីចេញពីវិបត្តិកូវីដបានលឿនជាងគេនេះ ផ្តល់ការទុកចិត្តទាំងទេសចរណ៍ ទាំងវិនិយោគ។ ចំពោះទេសចរណ៍ ក្នុងនាមជាប្រទេស ដែលមិនរងគ្រោះខ្លាំងនៃការរីករាលដាលជំងឺកូវីដ១៩ អាចជាបច្ច័យមួយដែលភ្ញៀវចង់មកលេង ដែលនេះជាកត្តាសត្យានុម័ត។ សម្រាប់ការវិនិយោគ សំខាន់ការដែលយើងលែងរឹតត្បឹតការធ្វើចត្តាឡីស័ក ដែលធ្វើឲ្យអ្នកងាយស្រួលក្នុងការធ្វើដំណើរ បូករួមជាមួយបរិយាកាសវិនិយោគល្អផងដែរ»

សម្រាប់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មវិញ បានថ្លែងស្រដៀងគ្នានឹងលោក មាស សុខសេនសានដែរ លោកសូមថ្លែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាល ដែលកម្ពុជាជាប់ចំណាក់ថ្នាក់លេខ២ ជាប្រទេសងើបចេញពីវិបត្តិកូវីដ១៩ លឿនជាងគេនៅលើពិភពលោក។ លទ្ធផលល្អនេះ ដោយសារតែភាពឆ្លៀសវៃ របស់រាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការចាក់វ៉ាក់សាំងលឿន រហ័សទូទាំងប្រទេសប្រកបដោយជោគជ័យ។

លោកឧកញ៉ាបន្តថា «ភាពជោគជ័យនៃការចាក់វ៉ាក់សាំង បានធ្វើឲ្យធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ ឈានដល់ការបើកសេដ្ឋកិច្ចពេញលេញឡើងវិញមិនមែនជារឿងធម្មតា យើងត្រូវតែអបអរសាទរ មិនខុសអីពីពាក្យរបស់សម្តេចតេជោ ដែលថា វ៉ាក់សាំង គឺជាសេដ្ឋកិច្ច និងសុខុមាលភាពសង្គម»

លោកបន្តថា «ភាពល្បីល្បាញរបស់កម្ពុជា ដែលជាប់លេខ២ក្នុងពិភពលោកនេះ នឹងជួយឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា ដែលអាចគ្រប់គ្រងកូវីដបានល្អ, អាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ រួមទាំងអនុញ្ញាតឲ្យអ្នកធ្វើដំណើរចូលមកកម្ពុជា មិនត្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញ ដែលនេះជាចំណុចសំខាន់ ដែលអាចឲ្យអ្នកវិនិយោគ និងទេសចរណ៍ ចាប់អារម្មណ៍ចូលមកកម្ពុជាកាន់តែច្រើន»

សូមជម្រាបថា នៅឆ្នាំ២០២២នេះ ក៏ដូចជាឆ្នាំក្រោយៗទៀត ស្ថាប័នអន្តរជាតិសុទ្ធតែវាយតម្លៃ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥ភាគរយនៅឆ្នាំ២០២២នេះ, កើន ៥.៨ភាគរយ នៅឆ្នាំ២០២៣ និងកើនឡើង ៦.៦ភាគរយនៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣ភាគរយនៅឆ្នាំ២០២២ និង៦.៥ភាគរយ នៅឆ្នាំ២០២៣៕