(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ទីផ្សារអចលនទ្រព្យ នៅប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នៅតែបន្ដដំណើរការជាធម្មតា បើទោះបីជាមានបញ្ហាកូវីដ-១៩ និងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ក៏ដោយ។

ទោះបីជាបែបនេះក្ដី លោក ច្រឹក សុខនីម ក៏បានលើកឡើងពីផ្ដល់ប៉ះពាល់អំពីបញ្ហា ដែលមានមួយចំនួនបានរងប៉ះពាល់ខ្លះ និងដោយប្រយោល ជាពិសេសធ្វើឲ្យតម្លៃថ្លៃដើមសំណង់មួយចំនួន មានការប្រែប្រួល ប៉ុន្ដែលោកថា បើសិនជាស្ថានភាពបញ្ហានេះ រយៈពេលខ្លីមិនប៉ះពាល់ខ្លាំងនោះទេ តែបើនៅយូរអាចនឹងប៉ះពាល់។

លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ បាននឹងកំពុង បន្ដដំណើរការរបស់ខ្លួនជាធម្មតា បើទោះបីប្រឈមបញ្ហាពីកូវីដ-១៩ ឬក៏សង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ក៏ដោយ [...] សម្រាប់ការលក់អចលនវត្ថុ ចេញវិញ គឺមិនមានការប្រែប្រួលតម្លៃនោះឡើយ»

ចំពោះវិស័យដីឡូត៍ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា ក្នុងបរិបទនេះវិស័យដីឡូត៍នៅតែបន្ដដំណើរការ ប៉ុន្ដែរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអភិវឌ្ឍន៍ខ្លួន ធ្វើជានិយ័តករគ្រប់គ្រងដើម្បីឲ្យមានប្រសិទ្ធភាពជាងមុន តាមយន្ដការនៃការអនុវត្ដច្បាប់។

លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ការអនុវត្ដនេះ ធ្វើឲ្យវិស័យដីឡូត៍ កាន់តែមានភាពជឿជាក់ ប៉ុន្ដែត្រូវជួបនូវបញ្ហាប្រឈមមួយ គឺចំណាយទុនរាងខ្ពស់ជាងមុនបន្ដិច។

លោកបានលើកឡើងថា សម្រាប់លំហូរជនជាតិបរទេស ដែលមកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា លោកគិតថា ប្រហែលជាអាចពាក់កណ្ដាលឆ្នាំ ឬក៏ចុងឆ្នាំនេះ បានមានកំណើន ពីព្រោះថា ជនជាតិបរទេសទើបតែចាប់ផ្ដើម ដោយសារតែតាមបណ្ដាប្រទេសអាស៊ីមួយចំនួន នៅមិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយ ចំពោះបញ្ហាកូវីដ-១៩៕