(ព្រះសីហនុ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកទឹកចិត្តឱ្យប្រជាកសិករ ចេះរៀបចងក្រងគ្នាជាក្រុមផលិត និងធ្វើផែនការដាំដុះ ចិញ្ចឹមសត្វ និងផ្គត់ផ្គង់ទីផ្សារឱ្យបានទៀតទាត់ ដើម្បីទទួលបានប្រាក់ចំណេញ និងមានស្ថិរភាពទីផ្សារ។

ការលើកទឹកចិត្តរបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន ជូនដល់ប្រជាកសិករ សហគមន៍កសិកម្ម ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមេសានេះ ។

លោកអគ្គនាយកបានបញ្ជាក់ថា គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ មានចំនួន ៥០លាន ដុល្លារអាមេរិក ដែលបានអនុម័តថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហេតុនេះលោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពង្រីកការផលិត និងអាចស្នើសុំខ្ចីឥណទាន ក្រោមមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលនេះ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយផ្ទាល់ ឬតាមរយៈធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បាន។

បណ្ឌិត កៅ ថាច ក៏បានណែនាំឱ្យប្រជាកសិករ ធ្វើរបរកសិកម្មត្រូវមានជំនាញផ្នែកកសិកម្មឱ្យបានច្បាស់ ដើម្បីកាត់បន្ថយហានិភ័យ ក្នុងការប្រកបរបរកសិកម្ម ធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចីរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្មទៅទីផ្សារ និងទទួលបានផលចំណេញខ្ពស់។

លើសពីនេះលោកណែនាំឱ្យប្រជាកសិករ ចេះស្រាវជ្រាវ និងសិក្សាពីជំនាញកសិកម្ម តាមប្រព័ន្ធ (YouTube) ដែលជាបណ្តុំឯកសារ បណ្តាល័យបច្ចេក-ទេសកសិកម្ម ដែលប្រជាពលរដ្ឋអាចស្វែងរកដោយងាយ និងអាចអនុវត្តតាមបច្ចេកទេសបាន។

លោកអគ្គនាយកបានផ្តាំផ្ញើដល់ប្រជាកសិករ សូមធ្វើផែនការដាំដុះ និងផែនការប្រមូលផល ដោយធ្វើយ៉ាងណាកុំអោយទិន្នផលជន់គ្នា និងពិនិត្យការដាំដុះតាមរដូវ និងណែនាំអោយបងប្អូនប្រជាកសិករ អនុវត្តដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) ឬធ្វើការដាំដុះក្នុងផ្ទះសំណាញ់ ពីព្រោះអាចបានទិន្នផលច្រើន។

លោកបណ្ឌិតបានធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ នៅក្នុងខេត្តព្រះសីហនុ ក្នុងករណីមានតម្រូវការឥណទានដោយអត្រាប្រាក់ទាប អាចធ្វើការទំនាក់ទំនង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឬធនាគារអេស៊ីលីដាបាន៕