(ក្រុងគុនមិញ)៖ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសស្ថិតនៅតាមដងទន្លេមេគង្គបានបន្តកើនឡើង បើទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការធ្លាក់ចុះការស្ទុះងើបសេដ្ឋកិច្ចឡើងវិញនៃពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិន។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ថា ដោយសារកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគប្រភេទថ្មី និងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គចំនួនប្រាំផ្សេងទៀតបានកើនឡើងដល់ជិត ៤០០ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង ២៣ ភាគរយធៀបនឹងឆ្នាំ២០២០។

តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ដែលបានបើកដំណើរការកាលពីថ្ងៃព្រហស្បតិ៍។

នៅឆ្នាំ២០១៦ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) ត្រូវបានចាប់ផ្តើមដោយប្រទេសចំនួនប្រាំមួយ រួមមានប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ឈ្មោះរបស់កិច្ចសហប្រតិបត្តិការនេះបានបង្កើតឡើងតាមរយៈឈ្មោះទន្លេដែលគេហៅថាឡានឆាងនៅប្រទេសចិន និងមេគង្គនៅក្នុងប្រទេសចំនួនប្រាំផ្សេងទៀត។

ចាប់តាំងពីពេលនោះមក យន្តការ LMC បានក្លាយជាគំរូកិច្ចសហប្រតិបត្តិការដ៏សំខាន់នៅក្នុងតំបន់ និងបន្តចាក់បញ្ចូលថាមពលទៅក្នុងការអភិវឌ្ឍន៍ក្នុងតំបន់។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ៕