(ព្រុចសែល)៖ សហភាពអឺរ៉ុបបានចាប់ផ្តើមវេទិកាមួយសម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុបដើម្បីរួមគ្នាទិញឧស្ម័ននិងឧស្ម័នធម្មជាតិរាវ ខណៈដែលប្រទេសទាំងនេះព្យាយាមកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈរបស់រុស្ស៊ី និងបង្កើតទ្រនាប់ការងារមួយដើម្បីទប់ទល់នឹងហានិភ័យនៃការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការឈ្លានពានរបស់អ៊ុយក្រែនដោយប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ហ្គាសច្រើនជាងគេរបស់អឺរ៉ុប បានជំរុញឱ្យតម្លៃថាមពលដែលខ្ពស់រួចស្រាប់ទៅហើយនោះកើនឡើងដល់កម្រិតថ្លៃបំផុតមិនធ្លាប់មាន ហើយធ្វើឱ្យសហភាពអឺរ៉ុបមានបេសកកម្មកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី តាមរយៈការបង្កើនការនាំចូលពីប្រទេសផ្សេងៗ និងពង្រីកថាមពលកកើតឡើងវិញឱ្យបានលឿន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មេដឹកនាំប្រទេសនៅសហភាពអឺរ៉ុបបានអនុម័តផែនការទិញឧស្ម័នរួមគ្នាមួយនៅឯកិច្ចប្រជុំកំពូលមួយកាលពីខែមុន ដែលប្រទេសជាសមាជិកនានា រួមមានទាំងប្រទេសអេស្ប៉ាញ និងក្រិក បានអំពាវនាវឱ្យផ្តល់ការទ្រនាប់ការមួយដើម្បីប្រឆាំងនឹងការអាក់ខានការផ្គត់ផ្គង់ដែលអាចកើតមាន។ ប្រទេសរុស្ស៊ីផ្គត់ផ្គង់ ៤០% នៃតម្រូវការឧស្ម័នសរុបរបស់សហភាពអឺរ៉ុប។

គណៈកម្មការរបស់វេទិកាដែលទើបបង្កើតថ្មីនេះ និងអ្នកតំណាងរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងប្រមូលផ្តុំការទាមទាររបស់ប្រទេសនានា និងសម្របសម្រួលកិច្ចពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ឧស្ម័ន និងឧស្ម័នធម្មជាតិសំខាន់ៗ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយគណៈកម្មការថ្មីនេះថា ផែនការនេះគឺចូលរួមស្ម័គ្រចិត្ត ហើយប្រទេសនានាមិនមានកាតព្វកិច្ចចូលរួមនោះទេ។ ផែនការនេះមានគោលបំណងប្រើអំណាចរបស់ EU ក្នុងនាមជាអ្នកទិញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោកដើម្បីទាក់ទាញការផ្គត់ផ្គង់នៅក្នុងតម្លៃស្ថិរភាព ដែលឆ្លុះបញ្ចាំងពីភាពអាចព្យាករបាន និងទំហំនៃទីផ្សារសហភាពអឺរ៉ុបរួម។

តម្លៃឧស្ម័ននៅអឺរ៉ុបបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកវិភាគបានព្រមានថា ការប្រញាប់ប្រញាល់របស់អឺរ៉ុបក្នុងការទិញឧស្ម័នមិនមែនរបស់រុស្ស៊ីក្នុងបរិមាណច្រើន អាចបង្កឱ្យប្រទេសក្រីក្រដែលជួបការលំបាកក្នុងការផ្គត់ផ្គង់តម្រូវការឧស្ម័នដេលពួកគេត្រូវការ។

សហភាពអឺរ៉ុបបានសន្យាថានឹងឈប់ប្រើឥន្ធនៈរបស់រុស្ស៊ីនៅត្រឹមឆ្នាំ២០២៧ ហើយនឹងបង្ហាញផែនការលម្អិតនៅក្នុងខែឧសភាដើម្បីធ្វើឱ្យសម្រេចបានផែនការនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕