(កូឡុំបូ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុដែលនឹងចុះចេញពីតំណែងរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា ស្រីលង្កាត្រូវតែស្វែងរកមូលនិធិជាបន្ទាន់ពីធនាគារអន្តរជាតិ និងមានបំណងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលនឹងដល់ពេលត្រូវសងក្នុងខែកក្កដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោករដ្ឋមន្ត្រី Ali Sabry ដែលបានដាក់ពាក្យលាលែងពីតំណែងទៅកាន់លោកប្រធានាធិបតី Gotabaya Rajapaksa កាលពីថ្ងៃអង្គារ ក៏បានអំពាវនាវឱ្យមានស្ថិរភាពនយោបាយផងដែរ ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកវិភាគមួយចំនួនបានឱ្យដឹងថា ដោយប្រាក់បម្រុងអន្តរជាតិបានកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ការទូទាត់បំណុលដ៏ច្រើនដល់កំណត់ត្រូវសង និងរូបិយប័ណ្ណរូពីកំពុងធ្លាក់ចុះ រដ្ឋាភិបាលស្រីលង្កាដែលគ្រប់គ្រងដោយលោកប្រធានាធិបតី Gotabaya Rajapaksa និងលោក Mahinda Rajapaksa ដែលជានាយករដ្ឋមន្ត្រី និងជាបងប្រុសរបស់លោក កំពុងអស់ជម្រើសហើយ។

ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់បម្រុងអន្តរជាតិបានធ្លាក់ចុះ ១៦% មកត្រឹម ១,៩៣ប៊ីលានដុល្លារក្នុងខែមីនា។

លោក Ali Sabry បានមានប្រសាសន៍ថា៖ «យើងត្រូវតែពិនិត្យមើលរបៀបរៀបចំរចនាសម្ព័ន្ធការទូទាត់មូលបត្របំណុលសាធារណៈអន្តរជាតិចំនួន ១ប៊ីលានដុល្លារដែលដល់ពេលត្រូវសង់ក្នុងខែកក្កដា។ យើងត្រូវតែទៅរកមូលនិធិ IMF។ វាគ្មានដំណោះស្រាយផ្សេងទៀត ដែលខ្ញុំអាចមើលឃើញនោះទេ»។

លោក Sabry ត្រូវបានផ្លាស់ប្តូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌កាលពីថ្ងៃចន្ទដើម្បីជំនួសលោកលោក Basil Rajapaksa ដែលជាប្អូនប្រុសរបស់ប្រធានាធិបតី Rajapaksa។ វាមិនច្បាស់ទេភ្លាមៗនេះថា តើ Rajapaksa បានទទួលយកការលាលែងពីតំណែងរបស់ Sabry ដែរឬទេ មុនពេលមានការពិភាក្សាដែលបានគ្រោងទុកជាមួយ IMF អំពីប្រាក់កម្ចីបន្ទាន់។

ខណៈដែលប្រទេសដីកោះនេះព្យាយាមបង្កើនសំណើឱ្យបានឆាប់រហ័សដើម្បីដាក់ជូនមូលនិធិ IMF លោក Rajapaksa កាលពីថ្ងៃព្រហស្បតិ៍បានតែងតាំង K.M.M Siriwardana ទេសាភិបាលរងធនាគារកណ្តាលដែលធ្លាប់ធ្វើការជាមួយមូលនិធិនេះ ឱ្យធ្វើជាលេខាធិការរតនាគារ។

ទិន្នន័យពីក្រុមហ៊ុន MarketAxess បានបង្ហាញថា មូលបត្របំណុល ១ប៊ីលានដុល្លារដែលដល់កំណត់សងនៅថ្ងៃទី២៥ ខែកក្កដា កំពុងជួញដូរនៅក្នុងតម្លៃ ០,៥៥ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីនិទាឃរដូវឆ្នាំ២០២០ នៅពេលដែលការរីករាលដាលជំងឺកូវីដ-១៩ បានវាយលុកទីផ្សារហិរញ្ញវត្ថុពិភពលោក។

លោក Sabry បានបន្ថែមថា៖ «យើងត្រូវតែមានស្ថិរភាពនយោបាយដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិហិរញ្ញវត្ថុ។ យើងត្រូវពិភាក្សាជាមួយធនាគារពិភពលោក ហើយយើងត្រូវតែមានផែនការស្ពានហិរញ្ញប្បទានជាមួយ ADB ។ ប្រសិនបើយើងមិនមានស្ថិរភាព តើអ្នកណានឹងដឹកនាំកិច្ចពិភាក្សាទាំងនេះ?»៕