(កោះកុង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) នៅខេត្តកោះកុង។

គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន ជូនដល់ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។

ក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនប្រជាពលរដ្ឋថា គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ មានចំនួន៥០លានដុល្លារ ដែលបានអនុម័តថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹម កែច្នៃត្រី ដាំដុះបន្លែ ផ្លែឈើ និងធ្វើវារីវប្បកម្មផ្សេងៗក្នុងខេត្តកោះកុង អាចស្នើសុំខ្ចីឥណទាន ក្រោមមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលនេះ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយផ្ទាល់ឬតាមរយៈធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បាន។

លោកបញ្ជាក់ថា ប្រជាកសិករធ្វើរបរកសិកម្មត្រូវមានជំនាញផ្នែកកសិកម្មឲ្យបានច្បាស់ ដើម្បីកាត់បន្ថយហានិភ័យក្នុងការប្រកបរបរកសិកម្ម ធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាព នៃការផ្គត់ផ្គង់ផលិតផលកសិកម្មទៅទីផ្សារ និងទទួលបានផលចំណេញខ្ពស់។ លោកបានសុំឲ្យប្រជាកសិករ ចេះរៀបចងក្រងគ្នាជាក្រុមផលិត និងធ្វើផែនការដាំដុះ ចិញ្ចឹម និងផ្គត់ផ្គង់ទីផ្សារឲ្យបានទៀតទាត់។

លើសពីនេះ លោក កៅ ថាច បានជំរុញឲ្យប្រជាកសិករត្រូវចេះស្រាវជ្រាវ និងសិក្សាពីជំនាញកសិកម្ម តាមប្រព័ន្ធ (YouTube) ដែលជាបណ្តុំឯកសារ បណ្តាល័យបច្ចេក-ទេសកសិកម្ម ដែលប្រជាពលរដ្ឋអាចស្វែងរកដោយងាយ និងអាចអនុវត្តតាមបច្ចេកទេសបាន។ លោកបានផ្ដាំំផ្ញើដល់ប្រជាកសិករ សូមធ្វើផែនការដាំដុះ និងផែនការប្រមូលផល ដោយធ្វើយ៉ាងណាកុំអោយទិន្នផលជន់គ្នា ដែលនាំឲ្យតំលៃចុះថោក។

លោកបណ្ឌិត ណែនាំឲ្យប្រជាកសិករ អនុវត្តដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) ឬធ្វើការដាំដុះក្នុងផ្ទះសំណាញ់ ពីព្រោះអាចបានទិន្នផលច្រើន។ លោកក៏បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករ នៅក្នុងខេត្តកោះកុង ក្នុងករណីមានតម្រូវការឥណទានដោយអត្រាប្រាក់ទាប អាចធ្វើការទំនាក់ទំនង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឬធនាគារអេស៊ីលីដាបាន។

គួរជម្រាបថា បន្ទាប់បញ្ចប់ពិធីនេះ លោក កៅ ថាច និងតំណាងធនាគារ អេស៊ីលីដា ក៏បានចុះផ្សព្វផ្សាយ និងពិនិត្យអតិថិជនសក្តានុពល លើការចិញ្ចឹមត្រីឆ្ពុង ត្រីតុកែ និងការចិញ្ចឹមក្តាមថ្ម ចំនួន៧គ្រួសារ នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន។

នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានណែនាំម្ចាស់កសិដ្ឋានឲ្យធ្វើការពង្រីកការចិញ្ចឹមត្រីឆ្ពុង និងត្រីតុកកែបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចប្រកួតប្រជែងតម្លៃទីផ្សារត្រីក្នុងស្រុក៕