(ភ្នំពេញ)៖ រយៈពេល២ខែដើមឆ្នាំនេះ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង ៣ ៥៩៥លានដុល្លារ អាមេរិកជាទីផ្សារឈរនៅលេខទី១ ដែលស្រូបការនាំចូលទំនិញពីកម្ពុជា ច្រើនជាងគេ មានចំនួន ១ ៤១៥លានដុល្លារ កើនឡើង៤២.១%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក ក្នុងទំហំ១ ៤១៥លានដុល្លារ កើនឡើង៤២.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៩៩៥លានដុល្លារអាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការនាំចេញទៅសហរដ្ឋអាមេរិកកើនឡើងនេះ ដោយសារកម្ពុជាស្ថិតនៅក្រោមការទទួលបានការអនុគ្រោះពន្ធនាំចូល GSP របស់សហរដ្ឋអាមេរិក ហើយអាមេរិកក៏មានតម្រូវការទំនិញពីកម្ពុជា ដែលនាំឱ្យពួកគេដាក់បញ្ជាទិញទំនិញពីកម្ពុជា ខណៈដែលកម្ពុជា មានដំណើរការច្រវ៉ាក់ផលិតកម្ម រលូន មានការផ្គត់ផ្គង់ច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងគុណភាព និងតម្លៃ។

ជាមួយគ្នានេះដែរ កម្ពុជាមានស្ថេរភាពនយោបាយ មានការធានាបាននូវសុខសន្តិភាពល្អ ដែលការផ្តល់ទំនុកចិត្តដល់វិនិយោគិន គ្រប់វិស័យធ្វើការនាំចេញទំនិញ។

លោកបន្តថា «សរុបទៅកម្ពុជាអាចបំពេញបាននូវតម្រូវការរបស់អ្នកបញ្ជាទិញ ដែលធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជាបានប្រសើរឡើង»

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលបានឱ្យដឹងថា វៀតណាម ជាទីផ្សារលំដាប់ទី២ ដែលកម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃ៣៦០លានដុល្លារ ថយចុះ១២.៥% ខណៈចិនស្ថិតក្នុងលេខរៀងទី៣ ដែលបាននាំចូលទំនិញពីកម្ពុជា ចំនួនជាង២០៩លានដុល្លារ ថយចុះ២.៧% និងជប៉ុនឈរនៅលំដាប់ទី៤ ដែលបាននាំចូលទំនិញពីកម្ពុជាចំនួន២០២លាន កើនឡើង៤.៣%។

ចំណែកថៃដែលជាប្រទេសជិតខាងកម្ពុជា ឈរនៅបន្ទាប់ពី ជប៉ុន ដោយកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសនេះចំនួន ជាង១៨០លានដុល្លារកើនឡើង៥.៥%។

ទន្ទឹមគ្នានេះ កម្ពុជាបានចេញទំនិញទៅប្រទេសកាណាដាចំនួន១៧៦លានដុល្លារកើនឡើង១៥.៥% អាលឺម៉ង់១៥៨លានដុល្លារកើនឡើង ១៧.២% អង់គ្លេសជាង ១៣១លានដុល្លារកើនឡើង ១៤.៦% បែលហ្សិកជាង១១៥លានដុល្លារកើនឡើង៣៧.២% ហូឡង់ជាង៨០លានដុល្លារកើនឡើង៣៩.១% អេស្ប៉ាញ ជាង៦៦លានដុល្លារកើនឡើង៣៦.៦% និងប្រទេស អូស្រ្តាលី ជាង៦០លានដុល្លារ កើនឡើង១៦៦% រួមនឹងប្រទេសផ្សេងៗមួយចំនួនទៀត។

ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ១.៤ពាន់លានដុល្លារ ស្បែកជើងជាង២៧៨ លានដុល្លារ, គ្រាប់ធញ្ញជាតិជាង ២១៨លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ២៣០លានដុល្លារ, បន្លែជាង១២៨លានដុល្លារ, ផ្លែឈើជាង ៧៩លានដុល្លារ, គ្រឿងសង្ហារឹមផ្សេងជាង១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ ៣,៥៩៥,៧៦០,០០០ ដុល្លារ៕