(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានរៀបចំសន្និសីទជាន់ខ្ពស់ស្តីពី «ហិរញ្ញប្បទានប្រកបដោយចីរភាព៖ ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្ដារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩», ទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ២៦ (AFMM) និង កិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៨ (AFMGM) ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ឆ្នំា ២០២២។

សន្និសីទជាន់ខ្ពស់នេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ឆ្ពោះទៅវេទិកាពិភាក្សាជាសកលអាស៊ានលើកទី២ ដែលគ្រោងនឹងរៀបចំជាបន្ទាប់ក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២២ ខាងមុខនេះ។

សន្និសីទនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ាន , តំណាងជាន់ខ្ពស់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើនជាពិសេស ការចូលរួមពីសំណាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ភូមា, សិង្ហបុរី, ថៃ និងវៀតណាម និង ទេសាភិបាលធនាគារ កណ្តាលនៃប្រទេសឥណ្ឌូនេស៊ី, ភូមា និង ហ្វីលីពីន ព្រមទាំងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន ។

វេទិកានេះបានផ្តល់ធាតុចូលដ៏មានតម្លៃជាច្រើន សម្រាប់អ្នករៀបចំគោលនយោបាយ ក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សម្រាប់គិតគូរ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសផលប៉ះពាល់ដែលនៅសេសសល់ (scarring effects) ព្រមទាំងហានិភ័យ និងបញ្ហាប្រឈមថ្មីៗ បណ្តាលមកពីជម្លោះដែលកំពុងកើតមាននៅក្នុងតំបន់អឺរ៉ុបខាងកើត។ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន, សន្និសីទនេះ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃគោលនយោបាយសារពើពន្ធ និងការអភិវឌ្ឍបៃតងក្នុងការធានា ឱ្យបាននូវការស្តារសង្គមសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ន ។

ជាពិសេស ស្របពេលបណ្ដាលប្រទេសជាច្រើន ក្នុងតំបន់ប្រឈមនឹងការកើនឡើងតម្រូវការចំណាយ, ការពង្រឹងអភិបាលកិច្ចចំណាយសាធារណៈ ជាគន្លឹះនៃការគ្រប់គ្រងឱ្យបានល្អប្រសើរ នូវស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល ខណៈដែលការបង្កើនចំណូលបន្ថែម តាមរយៈការពង្រឹងគុណភាពគោលនយោបាយពន្ធ, ការពង្រីកមូលដ្ឋានយកពន្ធ និងការពង្រឹងប្រសិទ្ធភាពនៃ រដ្ឋបាលពន្ធ គឺជាកិច្ចការអាទិភាពចាំបាច់បំផុត ដើម្បីធានាចីរភាពសារពើពន្ធ ។

ជាផ្នែកសំខាន់មួយនៃកម្មវិធីនេះ, កិច្ចពិភាក្សា (panel discussion) ដែលមានការចូលរួមដោយរដ្ឋមន្រ្តី ហិរញ្ញវត្ថុឥណ្ឌូនេស៊ី, រដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី, ប្រធានសេដ្ឋវិទូ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងប្រធានប្រចាំតំបន់នៃធនាគារពិភពលោក (World Bank) និង សម្របសម្រួលដោយអនុប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានបំផុសឱ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់ ប្រកបដោយស្មារតីស្ថាបនា និងផ្ដល់ អនុសាសន៍ប្រាកដនិយមជាច្រើន ដើម្បីដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងគោលនយាបាយសារពើពន្ធ, ការផ្តល់ ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតង ។

ក្នុងនោះ លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ លើ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសរៀងៗខ្លួន ក្នុងគោលដៅធានានិរន្តរភាពនៃការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ជាពិសេស តាមរយៈការអនុវត្តគោលនយោបាយប្រកបដោយភាពបត់បែនខ្ពស់ ក្នុង (១).ការដោះស្រាយនូវបញ្ហាចំពោះមុខនានា ដូចជា ការកើនឡើង នូវតម្រូវការចំណាយ, ការធា្លក់ចុះចំណូលរដ្ឋ, និង (២). ការធានាបាននិរន្តរភាព និងចីរភាពនៃការជំរុញការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសសិង្ហបុរី ក៏បានផ្តោតលើសារៈសំខាន់នៃការប្រមូលចំណូលពន្ធ ប្រកបដោយភាព សមធម៌ និងមានចរិតកើនឡើង ស្របតាមកាំប្រាក់ចំណូល ឬមូលដ្ឋានយកពន្ធជាក់ស្តែង (Fair and Progressive tax collection), និង ការអនុវត្តវិធានការសារពើពន្ធ ក្នុងការដោះស្រាយនូវផលប៉ះពាល់បណ្តាលមកពីការ ប្រែប្រួលអាកាសធាតុ ។ល។

ទន្ទឹមនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារពិភពលោក បានសង្កត់ធ្ងន់លើការបង្កើនហិរញ្ញប្បទានប្រកបដោយចីរភាព និង ការអភិវឌ្ឍបៃតង ដើម្បីជំរុញនិរន្តរភាព និងបរិយាប័ន្ន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ាន។ តួយ៉ាង ដើម្បីបំពេញនូវកង្វះខាត ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង, បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបានជំរុញឱ្យអាចប្រើប្រាស់ឧបករណ៍ហិរញ្ញប្បទានបៃតង (Green Catalytic Financing Facility) ដើម្បីទទួលបានហិរញ្ញប្បទាន សម្រាប់ការជំរុញចីរភាពបរិស្ថាន ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅ នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រការស្តារបៃតងនៃប្រទេសសមាជិកអាស៊ាន ។

ក្នុងសុន្ទរកថាបិទសន្និសីទជាន់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមចែករំលែកនូវបទពិសោធន៍របស់កម្ពុជា លើការអនុវត្តគោលនយោបាយសារពើពន្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ, ជាពិសេស ការកែទម្រង់សារពើពន្ធ ដែលបាននិងកំពុងអនុវត្តព្រមទាំងកត់សម្គាល់ថា កម្ពុជាបានផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជ និងប្រតិបត្តិការ, ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវិចារណកម្មគោលនយោបាយពន្ធ ក៏ដូចជាការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋាន នៃការប្រមូលចំណូល ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈម្យ៉ាង, និងម្យ៉ាងទៀត ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅគន្លងនូវកំណើនសក្ដានុពល។

បន្ថែមលើនេះ កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។ ជារួម ក្នុងក្របខណ្ឌតំបន់ អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដោតសំខាន់លើការស្វែងរកដំណោះស្រាយ ប្រកបដោយភាពប្រាកដនិយម និងការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសារពើពន្ធ និងស្វែងរកគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតង ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយបរិយាប័ន្ន និងចីរភាព, ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត រវាងប្រទេសសមាជិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនីមួយៗ៕