(កូឡុំបូ)៖ ប្រធានាធិបតីរបស់ប្រទេសស្រីលង្កាបានតែងតាំងក្រុមអ្នកជំនាញមួយក្រុមឱ្យរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដើម្បីទប់ប្រទេសនេះឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានបង្កឱ្យមានការតវ៉ាដ៏ធំទាមទារឱ្យលោកលាលែងពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ការផ្គត់ផ្គង់ស្បៀងអាហារនិងឥន្ធនៈដែលខ្វះខាត រួមជាមួយនឹងអតិផរណា និងការដាច់ចរន្តអគ្គិសនីជាប្រចាំ បានធ្វើឱ្យទុក្ខវេទនាកាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងការធ្លាក់ចុះដ៏ឈឺចាប់បំផុតរបស់ប្រទេសចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។

ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុលបានព្រមានអំពីការបរាជ័យសងបំណុលដែលអាចកើតមានដោយសារបំណុលបរទេសចំនួន ៥១ប៊ីលានដុល្លាររបស់ប្រទេសស្រីលង្កា ហើយអាជ្ញាធរមិនអាចបង្កើនប្រាក់កម្ចីពាណិជ្ជកម្មបន្ថែមទៀតបានទេដោយសារតែការទម្លាក់ចំណាត់ថ្នាក់ឥណទាន។

ការិយាល័យរបស់លោកប្រធានាធិបតី Gotabaya Rajapaksa បានឱ្យដឹងកាលពីល្ងាចថ្ងៃពុធថា ក្រុមប្រឹក្សាយោបល់ដែលមានសមាជិកបីនាក់ត្រូវបានផ្តល់ភារកិច្ចឱ្យនាំផ្លូវប្រទេសស្រីលង្កាតាមរយៈ «ការស្តារឡើងវិញប្រកបដោយនិរន្តរភាព និងបរិយាបន្ន»

រដ្ឋាភិបាលរបស់លោក Gotabaya Rajapaksa កំពុងរៀបចំការចរចាស្វែងរកថវិកាសង្គ្រោះជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រាប់ AFP ថា អ្នកទាំងបីនឹងរៀបចំកម្មវិធីមួយសម្រាប់ជួបប្រជុំម្ចាស់សញ្ញាប័ណ្ណរដ្ឋាភិបាល និងម្ចាស់បំណុលផ្សេងទៀតដើម្បីស្នើសុំសម្រួលបំណុល។

ប្រភពពីក្រសួងហិរញ្ញវត្ថុដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ AFP ថា៖ «អ្វីដែលស្រីលង្កាចង់ធ្វើគឺជៀសវាងការបរាជ័យសងបំណុលដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ»។ ប្រភពដដែលបានឱ្យដឹងថា៖ «វានឹងជាការចរចារៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដោយមានជំនួយពី IMF»។

លោក Mahinda Yapa Abeywardana ប្រធានសមាជិកសភា (Parliamentary Speaker) បានព្រមានកាលពីថ្ងៃពុធថា វិបត្តិសេដ្ឋកិច្ចអាចនាំឱ្យមានភាពអត់ឃ្លាន លុះត្រាតែត្រូវបានដោះស្រាយក្នុងរយៈពេលសប្តាហ៍។

កិច្ចប្រជុំជាមួយ IMF គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Basil Rajapaksa ដែលជាប្អូនប្រុសរបស់ប្រធានាធិបតី បានលាលែងពីតំណែងកាលពីយប់ថ្ងៃអាទិត្យ រួមជាមួយគណៈរដ្ឋមន្ត្រីស្ទើរតែទាំងមូល។

ប្រទេសស្រីលង្កានៅតែគ្មានអ្នកជំនួសនៅឡើយ ដោយអ្នកស្នងតំណែងរបស់គាត់បានលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងបានតែមួយថ្ងៃ។

កំហឹងសាធារណៈកំពុងតែក្តៅគគុក ដោយហ្វូងមនុស្សព្យាយាមសម្រុកចូលផ្ទះរបស់ឥស្សរជនរដ្ឋាភិបាលមួយចំនួននិងទាមទារឱ្យប្រធានាធិបតី Rajapaksa ចុះចេញពីតំណែង។

កង្វះរូបិយប័ណ្ណបរទេសដ៏សំខាន់បានធ្វើឱ្យស្រីលង្កាជួបការលំបាកក្នុងការនាំចូលទំនិញសំខាន់ៗ ដោយជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសំខាន់ៗពីវិស័យទេសចរណ៍ និងប្រាក់បញ្ញើពីបរទេស។

អ្នកសេដ្ឋកិច្ចឱ្យដឹងថា វិបត្តិបានកើនឡើងកាន់តែធ្ងន់ធ្ងរឡើងដោយសារការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាល ការខ្ចីប្រាក់ពីបរទេសកាន់តែច្រើនក្នុងរយៈពេលច្រើនឆ្នាំ និងការកាត់បន្ថយពន្ធដែលទទួលបានការព្រឹក្សាមិនបានល្អ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕