(តូក្យូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃព្រហស្បតិ៍បានកាត់បន្ថយការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ហើយបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយពិចារណាលើការរៀបចំផែនការបម្រុងមួយក្នុងករណីដែលវិបត្តិអ៊ុយក្រែនធ្វើឱ្យប៉ះពាល់ដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏ផុយស្រួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់មូលនិធិ IMF ថា ខណៈដែលការកើនឡើងតម្លៃទំនិញអាចជំរុញឱ្យអត្រាអតិផរណាកើនឡើង ធនាគារកណ្តាលជប៉ុន (BOJ) ត្រូវតែរក្សាគោលនយោបាយធូររលុងខ្លាំងរបស់ខ្លួនសម្រាប់រយៈពេលវែង ដើម្បីសម្រេចបានគោលដៅអតិផរណា ២ភាគរយរបស់ខ្លួនប្រកបដោយនិរន្តរភាព។

ដោយចង្អុលបង្ហាញដល់ការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងកត់សម្គាល់ថា ការឡើងថ្លៃទំនិញអាច រារាំងតម្រូវការក្នុងស្រុក មូលនិធិ IMF បានឱ្យដឹងថា៖ «ការឡើងកម្តៅនៃជម្លោះនៅអ៊ុយក្រែន បង្កហានិភ័យធ្លាក់ចុះខ្លាំងដល់សេដ្ឋកិច្ចជប៉ុន»។

IMF បានបន្ថែមថា «ដោយមើលឃើញពីភាពមិនច្បាស់លាស់ដែលកើនឡើង រួមទាំងភាពមិនច្បាស់កើតចេញពីជំងឺរាតត្បាត និងជម្លោះក្នុងប្រទេសអ៊ុយក្រែន អាជ្ញាធរអាចពិចារណារៀបចំផែនការបម្រុងមួយដែលអាចត្រៀមរួចជាស្រេចសម្រាប់ការអនុវត្តបាន» ក្នុងករណីដែលសេដ្ឋកិច្ចរបស់ជប៉ុនប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា IMF ឥឡូវនេះរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងកើនឡើង ២,៤ភាគរយនៅឆ្នាំនេះ ដែលទាបជាងការព្យាករណ៍កាលពីខែមករាដែលថាមានកំណើន ៣,៣ភាគរយ ដោយសារតែការរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះនៅក្នុងត្រីមាសទីមួយ និងផលប៉ះពាល់នៃសង្គ្រាមអ៊ុយក្រែន។

តម្រូវការក្នុងស្រុកទំនងជានឹងធ្លាក់ចុះដោយសារការឡើងថ្លៃទំនិញ ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៃកំណើនរបស់ប្រទេសចិន គឺជាហានិភ័យដល់ការនាំចេញរបស់ជប៉ុន។

ចំពោះតម្លៃវិញ មូលនិធិ IMF បានឱ្យដឹងថា ប្រទេសជប៉ុនទំនងជានឹងឃើញមានការកើនឡើងសន្ទុះអតិផរណាដោយសារតម្លៃទំនិញខ្ពស់ជាងមុន ហើយរំពឹងថា ការប្រើប្រាស់នឹងស្ទុះងើបឡើងវិញ ខណៈពេលដែលករណីឆ្លងជំងឺកូវីដបានធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕