(ភ្នំពេញ)៖ ធនាគារព្រីនស៍ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានបណ្តាក់ទុនវិនិយោគ ចំនួន៣៥លានដុល្លារអាមេរិកបន្ថែមទៀត លើសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

នេះជាលើកទី២ហើយ ដែលធនាគារព្រីនស៍ បណ្តាក់ទុនវិនិយោគ ទិញមូលបត្របំណុល ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលលើកទី១ វិនិយោគតម្លៃ១៥លានដុល្លារ ដែលសរុបទុនវិនិយោគ ស្មើនឹង៥០លានដុល្លារអាមេរិក។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន បានបញ្ជាក់ថា តាមរយៈការវិនិយោគ ជាលក្ខណៈឯកជន ដែលនាំឲ្យធនាគារព្រីនស៍ ក្លាយជាអ្នកវិនិយោគធំជាងគេ លើសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន CAIC នាពេលបច្ចុប្បន្ន។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបានប្រើប្រាស់សម្រាប់ ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣១.១% ត្រូវនឹងទឹកប្រាក់សរុប៤៣៤លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី) ដែលវិនិយោគរួចដោយ CAIC។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះ គឺ៥.៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល (tenor) ៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុន OCIC។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕