(ភ្នំពេញ)៖ រយៈពេល៣ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញដំឡូងមីក្រៀម និងស្រស់ជាង១.៥លានតោនទៅកាន់ប្រទេសថៃ និងវៀតណាម។

របាយការណ៍ក្រសួងកសិកម្មបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២២ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀម ១,២៥២,៣៤០តោន កើនឡើងចំនួន១២.៧៥%, ដំឡូងមីស្រស់ ៣៥៣,៩៥០តោន កើនឡើងចំនួន ៤៥.៨១%, ម្សៅដំឡូងមី ២៥,២៦១តោន កើនឡើងចំនួន៩០.១៥% និង កាកសំណល់ដំឡូងមី ៦,១២២.៨៩តោន កើនឡើងចំនួន១៣៩.៣២%។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានឲ្យដឹងថា ដំណាំដំឡូងមី មានស្ថានភាពទីផ្សារល្អប្រសើរ ស្របពេលខាងប្រទេសថៃ បានធ្វើការបញ្ជាទិញជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ នាំចេញដំឡូងមី ជិត៣ពាន់តោន។

លោកថា ក្នុងឆ្នាំ២០២១ ដំណាំដំឡូងមី បានជួបនូវបញ្ហាតិចតួចប៉ុណ្ណោះ ដោយសារតែទឹកជំនន់ ប៉ុន្ដែបើនិយាយអំពីបរិមាណផល គឺមានការកើនឡើង ដោយសារតែផ្ទៃដីដាំដុះច្រើនជាងឆ្នាំ២០២០។ បើតាមការប៉ាន់ស្មានការប្រើប្រាស់ដំឡូងមីនៅក្នុងស្រុក មានប្រហែល៣០-៣៥ភាគរយប៉ុណ្ណោះ ក្រៅពីនោះ កម្ពុជានាំចេញទៅប្រទេសជិតខាង។

គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឲ្យកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្ត សម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក។

គោលនយោបាយនេះ ក៏មានគោលដៅសំខាន់ចំនួន៣ គឺ៖

ទី១៖ ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឲ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម,
ទី២៖ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមី ឲ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ
ទី៣៖ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យ ដែលពាក់ព័ន្ធក្នុងការនាំចេញ។

នៅក្នុងពិភពលោក ដំឡូងមីត្រូវបានគេទទួលស្គាល់ ជាកសិកផលប្រចាំសតវត្សទី២១ ដោយវាត្រូវបានដាំដុះរាប់តាំងពីលក្ខណៈគ្រួសារ រហូតដល់ការនាំចេញទ្រង់ទ្រាយធំ ដើម្បីបម្រើឧស្សាហកម្មម្ហូបអាហារ និងការផលិតប្រេងឥន្ធនៈអេតាណុល៕