(សិង្ហបុរី)៖ វិស័យទេសចរណ៍របស់សិង្ហបុរីនឹងទទួលបានការចាក់បញ្ចូលសាច់ប្រាក់ថ្មីចំនួន ៥០០លានដុល្លារសិង្ហបុរី (ប្រហែល ៣៧០លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលប្រទេសនេះសម្លឹងរកការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកឡើងវិញ។ នេះបើយោងតាមកាសែត Channel News Asia (CNA)។

ការត្រៀមថវិកានេះកើតឡើងនៅពេលដែលប្រទេសសិង្ហបុរីបានបើកចំហរព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ដោយលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត និងការធ្វើចត្តាឡីស័ក។

កាសែត CNA បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ខណៈថ្លែងក្នុងសន្និសិទឧស្សាហកម្មទេសចរណ៍របស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) កាលពីថ្ងៃពុធថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រ និងរក្សានិរន្តរភាពសមត្ថភាពកម្លាំងពលកម្មជាយុទ្ធសាស្រ្តក្នុងវិស័យនេះ ប៉ះប៉ូវដល់ថ្លៃចំណាយរបស់អាជីវកម្ម ក៏ដូចជាពង្រីកផែនការស្ទុះងើបឡើងវិញជាអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោកបានបន្ថែមថា វាក៏នឹងជំរុញដល់ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិ និងជួយឧស្សាហកម្មនេះឱ្យមានភាពរឹងមាំជាមួយនឹងផលិតផល និងបទពិសោធថ្មីៗ តាមរយៈជំនួយ និងគម្រោងរបស់ STB។

លោក Tan មានប្រសាសន៍ថា៖ «នៅឆ្នាំនេះ យើងនឹងពង្រឹងកាន់តែខ្លាំងឡើងនូវកិច្ចប្រឹងប្រែងរបស់យើងសម្រាប់យុទ្ធនាការ SingapoReimagine ដែលជាយុទ្ធនាការជំរុញឱ្យមានស្ទុះងើបឡើងវិញជាលក្ខណៈអន្តរជាតិរបស់យើង ដើម្បីស្វាគមន៍អ្នកដំណើរ និងឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់ពួកគេសម្រាប់ការធ្វើដំណើរតាមបទពិសោធថ្មី និងប្រកបដោយភាពច្នៃប្រឌិត»

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសិង្ហបុរីបានផ្តល់ប្រាក់ដល់វិស័យទេសចរណ៍ជាង ១ ប៊ីលានដុល្លារសិង្ហបុរី ដើម្បីជួយសម្រាលការចំណាយ ដូចជាការលើកលែងកម្រៃថ្លៃជួល និងថ្លៃអាជ្ញាប័ណ្ណ និងដើម្បីគាំទ្រដល់ការងារ និងការអភិវឌ្ឍសមត្ថភាព។ រដ្ឋាភិបាលសិង្ហបុរីក៏បានត្រៀមប្រាក់ទុកចំនួន ៣២០លានដុល្លារសិង្ហបុរីផងដែរដើម្បីជំរុញតម្រូវការក្នុងស្រុកតាមរយៈគម្រោងសក្ខីប័ត្រ (voucher) របស់យុទ្ធនាការ SingapoRediscovers។

ខណៈពេលដែលទស្សនវិស័យសម្រាប់ការធ្វើដំណើរអន្តរជាតិមើលទៅពោរពេញដោយក្តីសង្ឃឹម លោក Tan បានសង្កត់ធ្ងន់ថា វិស័យនេះត្រូវតែរក្សាភាពរហ័សរហួន និងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម និងបញ្ហាដែលអាចកើតមាន។ នេះបើយោងតាមកាសែត CNA៕