(ភ្នំពេញ)៖ ការនាំចេញស្វាយស្រស់ ចេកស្រស់ រួមទាំងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន កំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែវិធានការបិទខ្ទប់នៅក្នុងប្រទេសរបស់ចិន និងការឡើងថ្លៃដឹកជញ្ជូន បន្ទាប់ពីផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ឧកញ៉ា ហ៊ុន ឡាក់ ដែលវិនិយោគនាំចេញស្វាយ និងចេកស្រស់ទៅប្រទេសចិន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមេសានេះថា វិធានការបិទខ្ទប់នៅប្រទេសចិន បានធ្វើឱ្យផ្សារ និងកំពង់ផែមួយចំនួនបានបិទ នាំឱ្យតម្រូវការស្វាយនៅប្រទេសចិនធ្លាក់យ៉ាងខ្លាំង ដែលបញ្ហានេះ បណ្តាលឱ្យតម្លៃស្វាយស្រស់នៅប្រទេសចិន បានថយចុះប្រមាណ៥០%។

ទន្ទឹមគ្នានេះតម្លៃដឹកជញ្ជូនតាមកប៉ាល់ឡើងថ្លៃយ៉ាងគំហុក ដែលបង្កមកពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ បានក្លាយជាឧបសគ្គបន្ថែមដល់ការនាំចេញស្វាយស្រស់ និងកសិផលផ្សេងទៀតផងដែរ។

លោកបន្តថា មិនមែនតែកម្ពុជាទេដែលជួបបញ្ហានេះ ប្រទេសវៀតណាមក៏ពិបាកក្នុងការនាំចេញទៅប្រទេសចិនផងដែរ។ ហេតុនេះហើយទើបឆ្នាំនេះ តម្លៃស្វាយនៅកម្ពុជាបានធ្លាក់ចុះ និងគ្មានទីផ្សារដោយសារតែគ្មានឈ្មួញពីប្រទេសវៀតណាមមកទិញដូចរាល់ឆ្នាំ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារបិទខ្ទប់កូវីដ និងដោយសារសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ប្រែប្រួលរឿងប្រេងឡើងថ្លៃធ្វើឱ្យទូកុងតឺន័រ ថ្លៃដឹកជញ្ជូនរាលដាលថ្លៃមកដល់តំបន់នៅអាស៊ី ពីមុនឆ្នាំទៅ ថ្លៃដឹកថ្លៃទៅតែចំងាយឆ្ងាយដូចជាអឺរ៉ុបទេ ជិតៗនេះឡើងតិចតួច ឥលូវនេះ ជិតៗនេះក៏ឡើងថ្លៃខ្លាំង។ ឥទ្ធិពលប្រទាក់ក្រឡាគ្នាខ្លាំង មិនមែនបញ្ហានៅតែស្រុកខ្មែរមួយទេ វៀតណាមក៏ខាតច្រើនរាំងស្ទះពេញ ថៃក៏ប៉ះពាល់ បញ្ហានេះ គឺផលប៉ពាល់ជារួមតែម្តង»។

ក្រៅពីការនាំចេញស្វាយស្រស់ ការនាំចេញផលិតផលកែច្នៃពីស្វាយដូចជាទឹកស៊ីរ៉ូ និងដំណាប់ស្វាយ ក៏មានបញ្ហាប្រឈមផងដែរ ដោយសារតែវិធានការបិទខ្ទប់ ធ្វើឱ្យតម្រូវការនៅចិនធ្លាក់ចុះ។

លោកបានលើកឡើងបន្ថែមថា សម្រាប់រដូវកាលក្រោយ ត្រូវសិក្សាស្វែងយល់បន្ថែមឱ្យបានស៊ីជម្រៅ ជាពិសេសត្រូវពង្រឹងគុណភាពស្វាយឱ្យល្អជាងនេះ និងសិក្សាទៅលើការកែច្នៃទៅជាស្វាយកក សម្រាប់ទុកបញ្ចេញលក់ នៅពេលដែលផុតរដូវប្រមូលផល។ ជាមួយគ្នានេះក៏ត្រូវសិក្សាពីមធ្យោបាយដឹកជញ្ជូន ជាពិសេសទៅប្រទេសចិន ដែលអាចប្តូរការដឹកជញ្ជូនតាមប្រទេសឡាវ តាមរយៈរថភ្លើងវិញ ដោយប្រើរយៈពេលខ្លី និងតម្លៃដឹកជញ្ជូនទាប ជាងការដឹកជញ្ជូនតាមកប៉ាល់ និងឡាន។

លោកស្នើសុំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនសហការគ្នាបង្កើនការវិនិយោគទៅលើការច្នៃ កាត់បន្ថយការនាំចេញវត្ថុធាតុដើម ព្រោះការលក់ផលិតផលវត្ថុធាតុដើម នឹងគ្មានលំនៅទីផ្សារនោះទេ។

លោកបន្តថា «ការវិនិយោគទៅលើការកែច្នៃ អាចស្រូបចូលនូវផលិតផលកសិកម្ម យើងនៅពេលប្រមូលផល ។ មិនមែនយើង ឱ្យតែដល់ពេលប្រមូលផលដឹងតែនាំចេញស្រស់នោះទេ គឺនាំខ្លះទុកកែច្នៃខ្លះ ហើយយើងអាចដោះបានផលិតផលអន់មិនគ្រប់តាមស្តង់ដារ ដែលយើងអាចធ្វើការកែច្នៃបាន»

តាមរបាយការណ៍របស់ក្រសួងកសិកម្ម ត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញផ្លែស្វាយស្រស់មានចំនួនជាង ៨១ ៤១៨តោនថយចុះចំនួន ២០.៧៣% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ជាង៤ម៉ឺនតោន ប្រទេសចិនចំនួន២ម៉ឺនតោន ប្រទេសថៃចំនួនជិត២ម៉ឺនតោន និងប្រទេសកូរ៉េចំនួន ១៤០ តោន។

ចំណែកការនាំចេញ ដំណាប់ស្វាយវិញមានចំនួន ជាង៥១៣៦តោនថយចុះចំនួន ១៣.៤៣% និងទឹកស៊ីរ៉ូស្វាយនាំចេញបានចំនួន ជាង៤០០តោន ថយចុះចំនួន៧៥.៦៧% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦តោន និងប្រទេសហ្វីលីពីនចំនួនជាង១៥៧ តោន។

សម្រាប់ការនាំចេញផ្លែចេកស្រស់ នៅត្រីមាសទី១ មានចំនួន ១០៣ ៦២៦.៨៤តោន ថយចុះចំនួន១៣.៤៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៩៨ ៥៣០.២៦តោន និងប្រទេសវៀតណាមចំនួន ៥ ០៩៦.៥៨តោន៕