(ម៉ានីល)៖ ធនាគារពិភពលោក (WB) បានទម្លាក់ការព្យាករកំណើនរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២២ ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារពិភពលោកក៏បានព្រមានផងដែរថា តំបន់នេះអាចបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ចបន្ថែមទៀតប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃអង្គារថា ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះរំពឹងថា សេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ របស់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសចិនផងដែរ នឹងកើនឡើង ៥%ភាគរយដែលទាបជាងកំណើន ៥,៤% ដែលបានព្យាករក្នុងខែតុលា។

ប៉ុន្តែធនាគារពិភពលោកបានឱ្យដឹងទៀតថា កំណើនអាចធ្លាក់ចុះដល់ ៤% ប្រសិនបើស្ថានភាពកើតមានកាន់តែអាក្រក់ទៅ ហើយការឆ្លើយតបផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលនានាមានភាពកាន់តែទន់ខ្សោយនោះ។

ដោយកត់សម្គាល់ពីសមត្ថភាពរបស់រដ្ឋាភិបាលចិនក្នុងការផ្តល់វិធានការជំរុញដើម្បីប៉ះប៉ូវផលប៉ះពាល់អវិជ្ជមាន ធនាគារនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរំពឹងថានឹងកើនឡើង ៥% នៅឆ្នាំនេះ ធ្លាក់ចុះពីការប៉ាន់ប្រមាណពីមុនដែលថាមាន ៥,៤%។

លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖ «តំបន់នេះប្រឈមនឹងបញ្ហាមួយចំនួនដែលគំរាមកំហែងដល់ការបំផ្លាញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលលោក Mattoo បាននិយាយថា គឺជា «ហានិភ័យដ៏ធ្ងន់ធ្ងរបំផុត» ចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់តំបន់នេះ កំពុងនាំឱ្យមានការឡើងថ្លៃស្បៀងអាហារ និងប្រេងឥន្ធនៈ ការប្រែប្រួលហិរញ្ញវត្ថុ និងការថយចុះទំនុកចិត្តទូទាំងពិភពលោក។

លោក Mattoo បានថ្លែងថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺកាន់តែមានការព្រួយបារម្ភ ដោយសារតំបន់នេះនៅតែកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងអតិផរណាកាន់តែលឿន ដែលអាចជំរុញឱ្យមានការរឹតបន្តឹងវិធានការរូបិយវត្ថុរបស់សហរដ្ឋអាមេរិកកាន់តែលឿន។

លោក Mattoo បានបន្ថែមថា ផលប៉ះពាល់នៃសង្រ្គាមលើសេដ្ឋកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងប្រែប្រួលអាស្រ័យលើការប្រឈម និងភាពធន់របស់ប្រទេសនីមួយៗ។ ដោយមិនរាប់បញ្ចូលប្រទេសចិន ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះត្រូវបានគេព្យាករថានឹងកើនឡើង ៤,៨% នៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕