(ម៉ូស្គូ)៖ មហាសេដ្ឋីដែករុស្ស៊ីលោក Vladimir Lisin ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តី Forbes ថាជាបុរសមានបំផុតទីបីរបស់រុស្ស៊ីបានឱ្យដឹងនៅថ្ងៃអង្គារថា ផែនការរបស់ទីក្រុងម៉ូស្គូក្នុងការទូទាត់ជាប្រាក់រូបរុស្ស៊ីសម្រាប់ការនាំចេញរបស់ខ្លួននឹងធ្វើឱ្យខូចគោលជំហររបស់ប្រទេសនេះនៅលើទីផ្សារពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកក៏បានរិះគន់ផងដែរចំពោះគម្រោងដកមូលបត្រប្រភេទ depositary receipts របស់ក្រុមហ៊ុនរុស្ស៊ីចេញពីផ្សារហ៊ុនបរទេស ដោយលោកបានថ្លែងថា ការធ្វើដូចនេះនឹងបង្កើនហានិភ័យ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ភាគហ៊ុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កន្លងមកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាថា ឧស្ម័នធម្មជាតិដែលភាគច្រើននាំចេញទៅកាន់អឺរ៉ុប ត្រូវទូទាត់ជាប្រាក់រូប ជំនួសឱ្យរូបិយប័ណ្ណបរទេស បន្ទាប់ពីរងទណ្ឌកម្មពីប្រទេសលោកខាងលិចដោយសារការឈ្លានពានរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែន។

ប្រទេសផ្សេងៗនៅអឺរ៉ុបបានច្រានចោលការទាមទារនេះ ដោយប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ការទាមទារឱ្យទូទាត់ជាប្រាក់រូបនេះស្មើនឹង «ការគំរាមទារប្រាក់»។

អ្នកនយោបាយមួយចំនួន រួមទាំងប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក Vyacheslav Volodin បានស្នើថា រុស្ស៊ីគួរតែលក់ប្រេង គ្រាប់ធញ្ញជាតិ លោហធាតុ ជី ធ្យូងថ្ម និងឈើសម្រាប់រូបនៅលើទីផ្សារពិភពលោក ដែលផ្តល់ប្រាក់ចំណេញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Lisin ថា៖ «អស់ជាច្រើនទស្សវត្សរ៍មកហើយ យើងបានប្រយុទ្ធដើម្បីទីផ្សារនាំចេញ... យើងបាននិងកំពុងបង្កើតទំនាក់ទំនងជាមួយអតិថិជនរាប់ពាន់នាក់ក្នុង ៧០ប្រទេស។ វាពិបាកក្នុងការស្រមៃមើលថាតើអ្វីដែលនឹងបញ្ចុះបញ្ចូលអ្នកទិញរបស់យើងឱ្យប្តូរទៅរកការទូទាត់ជាប្រាក់រូប ហើយប្រឈមនឹងហានិភ័យរូបិយប័ណ្ណ»

លោកមានប្រសាសន៍ថា៖ «បញ្ហាឡូជីស្ទិកបានបង្ករភាពស្មុគស្មាញក្នុងការដឹកជញ្ជូនទំនិញរួចទៅហើយ។ ការងាកទៅរកការទូទាត់ជាប្រាក់រូបនឹងគ្រាន់តែបោះយើងខ្លួនឯងចេញពីទីផ្សារអន្តរជាតិប៉ុណ្ណោះ»។

កាលពីខែមុន Lisin បានប្រាប់និយោជិតនៅក្រុមហ៊ុនដែកថែប NLMK ដែលមានគាត់ជាប្រធាន និងម្ចាស់ភាគហ៊ុនធំថា ការស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មដែលពិបាកនឹងបង្ហាញហេតុផល ហើយបានអំពាវនាវឱ្យមានដំណោះស្រាយការទូតដោយសន្តិវិធីចំពោះជម្លោះនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕