(តៃប៉ិ)៖ ភាគហ៊ុនអាស៊ីបានឃើញលំហូរចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងខែមីនា ដោយសារការ ព្រួយបារម្ភអំពីអតិផរណាខ្ពស់ ខណៈដែលតម្លៃទំនិញកើនឡើងដោយសារជម្

លោះកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនប្រមូលទិន្នន័យ Refinitiv ថា វិនិយោគិនបរទេសបានលក់ភាគហ៊ុនអាស៊ីចេញដែលមានតម្លៃសុទ្ធ ១៦,២៣ប៊ីលានដុល្លារនៅកោះតៃវ៉ាន់ ប្រទេសឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងថៃកាលពីខែមីនា ដែលជាលំហូរចេញខ្ពស់បំផុតគិតចាប់តាំងពីការលក់ចេញសុទ្ធក្នុងតម្លៃ ៣៣,៣២ប៊ីលានដុល្លារក្នុងខែមីនា ឆ្នាំ២០២០។

ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២ នេះ វិនិយោគិនក្រៅប្រទេសបានលក់ភាគហ៊ុនក្នុងតំបន់អាស៊ីនេះដែលមានតម្លៃសុទ្ធចំនួន ៣១,៥៤ប៊ីលានដុល្លារ ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីត្រីមាសទីមួយ ឆ្នាំ២០២០។

ក្រុមហ៊ុន Goldman Sachs បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «ក្តីបារម្ភរបស់វិនិយោគិនអំពីការថមថយកំណើនសេដ្ឋកិច្ច និងការកើនឡើងអតិផរណា (stagflation) បានកើនឡើងនាពេលថ្មីៗនេះ ដែលជំរុញដោយសារអតិផរណាខ្ពស់រ៉ាំរ៉ៃ និងការរំពឹងទុកថា សង្រ្គាមអ៊ុយក្រែននិងបញ្ហាខាងផ្នែកផ្គត់ផ្គង់ប្រេង និងទំនិញផ្សេងទៀត នឹងបង្កើនសម្ពាធអតិផរណា និងកាត់បន្ថយកំណើនផងដែរ»។

ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រមួយនេះបានឱ្យដឹងទៀតថា ភាគហ៊ុនអាស៊ីស្ថិតក្នុងហានិភ័យនៃការកើនឡើងអតិផរណានិងកំណើនសេដ្ឋកិច្ចយឺត។ ក្រុមហ៊ុននេះបន្ថែមថា ភាគហ៊ុនក្នុងតំបន់នេះបានផ្តល់ផលចំណេញប្រចាំត្រីមាសជាមធ្យមចន្លោះពី ២ភាគរយនិង ១០ ភាគរយក្នុងអំឡុងពេលនោះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ សន្ទស្សន៍ភាគហ៊ុន MSCI របស់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុនបានធ្លាក់ចុះ ៤,៧ភាគរយគិតមកដល់ពេលនេះនៅឆ្នាំនេះ។

ភាគហ៊ុនរបស់កោះតៃវ៉ាន់បានឃើញលំហូរចេញច្រើនជាងគេនៅក្នុងតំបន់កាលពីខែមុន ដោយមានការលក់ចេញសុទ្ធចំនួន ៩,៥៩ប៊ីលានដុល្លារ ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

ភាគហ៊ុនរបស់ប្រទេសឥណ្ឌាបានប្រឈមនឹងលំហូរចេញក្នុងរយៈពេលប្រាំមួយខែជាប់គ្នាដែលមានតម្លៃ ៤,២៩ប៊ីលានដុល្លារ ខណៈដែលវិនិយោគបរទេសបានលក់ភាគហ៊ុនរបស់កូរ៉េខាងត្បូងតម្លៃ ៣,៦៤ប៊ីលានដុល្លារ។ ដោយឡែក ភាគហ៊ុនរបស់ឥណ្ឌូនេស៊ីបានទាក់ទាញលំហូរចូលបាន ៦៦៨លានដុល្លារ ខណៈដែលភាគហ៊ុនរបស់ប្រទេសថៃទទួលបាន ៩៨៥ លានដុល្លារពីលំហូរចូលពីបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕