(ភ្នំពេញ)៖ កសិករដាំមៀនមួយចំនួន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំចេញផ្លែមៀនប៉ៃលិន ទៅទីផ្សារចិនជាផ្លូវការ ដោយរំពឹងថា បញ្ហាកក់ស្ទះទីផ្សារនឹងត្រូវបានដោះស្រាយ ទន្ទឹមគ្នានេះកសិករមួយចំនួនទៀត បាននិងកំពុងដំណើរដាក់ពាក្យស្នើ សុំចុះចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម។

ការត្រៀមខ្លួននេះ ធ្វើឡើងបន្ទាប់ពីពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ នាំចេញផ្លែមៀនប៉ៃលិនស្រស់ពីកម្ពុជាទៅចិន បានចូលជាធរមាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម បានជូនដំណឹងឱ្យម្ចាស់ចំការដាំមៀនប៉ៃលិន និងផ្នែកឯកជន ពាក់ព័ន្ធរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីចំការ និងរោងចក្រវេចខ្ចប់ឱ្យបានឆាប់រហ័ស ដើម្បីអាចនាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិន ។

លោក តុំ សោភ័ណ្ឌ រដ្ឋបាលសមាគមមៀនប៉ៃលិន បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងថា កសិករក្នុងខេត្តបៃលិន បានត្រៀមខ្លួនជាស្រេច ក្នុងការនាំចេញមៀនប៉ៃលិន ទៅទីផ្សារប្រទេសចិន។

លោកបន្តថា បច្ចុប្បន្ននេះកសិករដែលជាសមាជិករបស់សមាគមប្រមាណ៦០នាក់ហើយ បានទៅចុះបញ្ជីចំការអនុវត្តកសិកម្មល្អ (GAP) នៅក្រសួងកសិកម្ម ហើយកសិករមួយចំនួនទៀត បាននិងកំពុងបន្តទៅដាក់ពាក្យស្នើសុំបញ្ជី។

បើតាមលោក តុំ សោភ័ណ្ឌ បច្ចុប្បន្ននេះផ្ទៃដីដាំមៀនប៉ៃលិន នៅក្នុងខេត្តប៉ៃលិនមានប្រមាណជាង៤ពាន់ហិចតា ក្នុងនោះដីរបស់សមាជិកសហគមន៍ មានប្រមាណ២៤០០ហិកតា ហើយជាង៧០%នៃសមាជិកដែលធ្លាប់ផលិតមៀននាំចេញទៅប្រទេសជិតខាង គឺដាំតាមស្តង់ដាប្រហាក់ប្រហែល GAP ដែរ។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថា នៅខេត្តបាត់ដំបង មានចំការមៀនប៉ៃលិន ប្រមាណជាង៦ពាន់ហិចតា។ បន្ទាប់មានការផ្សព្វផ្សាយ មានកសិករមួយចំនួន បានចាប់អារម្មណ៍ដាក់ពាក្យស្នើសុំចុះបញ្ជីចំការ ខណៈដែលមន្ទីរកសិកម្មខេត្តបានបន្តអំពាវនាវដល់កសិករ ឱ្យមកស្នើសុំពាក្យសម្រាប់បញ្ជីនៅក្រសួងកសិកម្ម ដើម្បីអាចនាំចេញទៅប្រទេសចិនជាផ្លូវការបាន។

លោកលើកឡើងថា នៅពេលខាងមុខនេះ នៅពេលមៀនប៉ៃលិនអាចនាំចេញ ទៅចិនបាន នឹងអាចជួយដោះស្រាយបញ្ហាកង្វះទីផ្សារ ដែលកសិករបានជួបប្រទះកន្លងមក។

លោកលើកឡើងបន្ថែមថា «យើងធ្វើការផ្សព្វផ្សាយ ហើយក៏មានអ្នកសួរនាំដែរ ថាគាត់ត្រូវរត់រកសេវានៅណា? ខ្ញុំបានបើកចំហ ថានៅមន្ទីរនេះគាត់អាចអញ្ជើញមកបាន។ យើងចង់ឱ្យប្រតិបត្តិទៅតាម CamGAP ដើម្បីយើងងាយស្រួល កាលណាមានទីផ្សារនាំចេញ ហើយយើងមាន CamGAP យើងដូចមានកូនក្រមុំដ៏ល្អមួយ នៅក្នុងដៃដែលគេត្រូវការ»

តែយ៉ាងណា លោកសង្កេតឃើញថា កសិករនៅតែមានបញ្ហាប្រឈមទាក់ទងបច្ចេកទេស ជាពិសេស គឺនៅក្រោយពេលប្រមូលផល ការធ្វើភូតគាមអនាម័យ ការវិចខ្ចប់ មិនបានទាន់អាចធ្វើតាមស្តង់ដារ តាមការតម្រូវរបស់ប្រទេសចិន នៅឡើយទេ។

លោកបន្ថែមថា កន្លងមកមន្រ្តីជំនាញបានចុះបណ្តុះបណ្តាលកសិករប្រមាណ៤០០នាក់ នៅតាមព្រំដែន ស្តីពីការអនុវត្តកសិកម្មល្អ ក្នុងនោះកសិករដាំស្វាយ និងមៀនប៉ៃលិន តាមស្តង់ដារកសិកម្មល្អ (GAP) បានប្រមាណ៣០០នាក់។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះកន្លែងលាងសំអាត សម្លាប់មេរោគ និងវេចខ្ចប់មៀនប៉ៃលិន សម្រាប់ធ្វើការនាំចេញមានមួយទីតាំង នៅខេត្តប៉ៃលិន ខណៈមួយកន្លែងទៀត កំពុងដំណើរការសាងសង់ នៅខេត្តព្រះសីហនុ។
កម្ពុជាមាន ផ្ទៃដីដាំមៀនប៉ៃលិន ប្រមាណ៨ពាន់ហិកតា៕