(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានការកើនឡើង៤.៥% ខណៈដែលមានការ ស្តារសេដ្ឋកិច្ច ក្នុងស្រុកល្អប្រសើរ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

របាយការណ៍បានសរសេរយ៉ាងដូច្នេះថា «ស្ថិតក្រោមសេណារីយោទិន្នន័យដើមគ្រា ការព្យាករណ៍កំណើនសម្រាប់ឆ្នាំ២០២២ គឺ៤.៥% ខណៈដែលមាន ការស្តារសេដ្ឋកិច្ច ក្នុងស្រុកល្អប្រសើរ គាំទ្រដោយការដកចេញ នូវការហាមឃាត់ធ្វើដំណើរ, ការធ្លាក់ចុះនៃតម្រូវការជាសកល និងការកើនឡើង នៃថ្លៃទំនិញ»

ក្នុងរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ គឺនៅតែសង្កត់ធ្ងន់ លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ខណៈដែលរំពឹងថាការនាំចេញផលិតផលកម្មន្តសាល នឹងជួបការលំបាក។

របាយការណ៍ព្យាករណ៍ថា សម្ពាធអតិផរណានឹងកើនឡើង ដោយសារតម្លៃស្បៀង និងប្រេងឡើងថ្លៃ ព្រោះតែសង្គ្រាម នៅអ៊ុយក្រែន។ ហានិភ័យចំពោះការព្យាករណ៍ដើមគ្រានេះ ត្រូវបានគេធ្វើការថ្លឹងថ្លែង យ៉ាងទូលំទូលាយ ហើយប្រទេសកម្ពុជា រក្សាលំហគោលនយោបាយ ដែលគេអាចអនុវត្តបាន ប្រសិនបើហានិភ័យទាំងនេះ ពិតជាកើតឡើងពិតមែន៕