(ញូវដែលី)៖ ប្រទេសឥណ្ឌា និងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបណ្តោះអាសន្នមួយកាលពីថ្ងៃចុងសប្តាហ៍មុន ដែលកាត់បន្ថយពន្ធលើពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារ ខណៈដែលប្រទេសជាដៃគូទាំងពីរពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខាក្នុងពេលដំណាលគ្នានៅទីក្រុងញូវដេលី និងទីក្រុងកង់បេរ៉ា ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal និងសមភាគីអូស្ត្រាលីលោក Dan Tehan ក្នុងពិធីរួមគ្នាមួយ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Goyal ថា ប្រទេសឥណ្ឌា និងអូស្ត្រាលី គឺជា «ដៃគូធម្មជាតិ ដែលតភ្ជាប់ដោយតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងតម្លាភាព»។

លោកមានប្រសសន៍ថា៖ «ទំនាក់ទំនងរបស់យើងស្ថិតនៅលើសសរស្តម្ភនៃភាពជឿជាក់ និងភាពទុកចិត្ត ដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងការចូលរួមយុទ្ធសាស្រ្តភូមិសាស្ត្រដ៏ស៊ីជម្រៅរបស់យើងតាមរយៈកិច្ចពិភាក្សសន្តិសុខយុទ្ធសាស្រ្ត QUAD និងគំនិតផ្តួចផ្តើមភាពធន់នៃចង្វាក់ផ្គត់ផ្គង់»។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រទេសឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧ របស់អូស្ត្រាលីក្នុងឆ្នាំ២០២០ ហើយមានចំនួនត្រឹមតែជាង ៤ភាគរយនៃការនាំចេញប៉ុណ្ណោះកាលពីឆ្នាំមុន ហើយពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រហែល ១៧ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយអូស្ត្រាលីដែលជាប្រទេសសម្បូរធនធាននាំចេញសាច់ចៀម ធ្យូងថ្ម និងទំនិញផ្សេងទៀតទៅកាន់ប្រទេសឥណ្ឌា ហើយឥណ្ឌាផ្គត់ផ្គង់សេវាកម្មយ៉ាងទូលំទូលាយដល់អូស្រ្តាលី។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹង «រួមចំណែកដល់ការបង្កើនភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងដល់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

ការចរចាអំពីកិច្ចព្រមព្រៀងទូលំទូលាយរវាងឥណ្ឌា និងអូស្ត្រាលី បានចាប់ផ្តើមជាងមួយទសវត្សរ៍មុន ប៉ុន្តែបានជាប់គាំងនៅក្នុងឆ្នាំ២០១៥។

ឥឡូវនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មពេញលេញមួយកំពុងត្រូវបានចរចា ហើយលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morrison ដែលបានហៅលោក Modi ថាជា «មិត្តជាទីស្រឡាញ់និងជាទីទុកចិត្ត» នោះ បានថ្លែងថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍នេះបានកាត់បន្ថយពន្ធលើការនាំចេញជាង ៨៥ ភាគរយរបស់អូស្ត្រាលីទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕