(ក្រុងឡុងដ៍)៖ ប្រាក់អឺរ៉ូបានធ្លាក់ចុះថ្លៃកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ និងបារាំងបានឱ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីត្រូវធ្វើជាចាំបាច់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់អឺរ៉ូដែលស្ថិតក្រោមសម្ពាធដោយសារតែការព្រួយបារម្ភអំពីការខូចខាតសេដ្ឋកិច្ចពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានធ្លាក់ថ្លៃ ០,១៥ភាគរយធៀបនឹងប្រាក់ដុល្លារមកនៅត្រឹមតម្លៃ ១,១០៣ដុល្លារក្នុងមួយអឺរ៉ូ។ ធៀបនឹងប្រាក់ផោនរបស់អង់គ្លេសវិញ ប្រាក់អឺរ៉ុបបានធ្លាក់ចុះថ្លៃ ០,២៤ភាគរយមកនៅត្រឹម ០,៨៤០៥ផោនក្នុងមួយអឺរ៉ូ ដែលជិតស្នើនឹងតម្លៃទាបបំផុតរយៈពេលប្រាំមួយថ្ងៃ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីត្រូវធ្វើឡើងជាចាំបាច់ ហើយមានការបង្ហាញយ៉ាងច្បាស់ថា កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

ខណៈពេលដែលកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយ របាយការណ៍អំពើឃោរឃៅរបស់រុស្ស៊ីបាននាំឱ្យរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់អ្នកស្រី Christine Lambrecht និយាយថា សហភាពអឺរ៉ុបគួរតែនិយាយអំពីការបញ្ចប់ការនាំចូលឧស្ម័នពីរុស្ស៊ី។

ប្រទេសរុស្ស៊ីផ្គត់ផ្គង់ឧស្ម័នប្រហែល ៤០ភាគរយនៃតម្រូវការឧស្ម័នសរុបរបស់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕