(ភ្នំពេញ)៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានតែងតាំងលោក Thomas Jacobs ជានាយកគ្រប់គ្រងប្រចាំប្រទេសថ្មី របស់ខ្លួនសម្រាប់តំបន់មេគង្គរួមមាន៖ ប្រទេសកម្ពុជា វៀតណាម និងឡាវ។ នេះបើតាមសចក្ដីប្រកាសព័ត៌មានរបស់ IFC ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ដោយមានមូលដ្ឋាន នៅទីក្រុងហាណូយ លោក Thomas Jacobs នឹងផ្តោតលើការជួយដល់វិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ដែលជួយប្រទេសនានា ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងងើបឡើងវិញ ពីផលប៉ះពាល់នៃកូវីដ-១៩។

លោក Thomas Jacobs ជាជនជាតិអាមេរិកម្នាក់ ដែលបានចូលរួមជាមួយ IFC ក្នុងឆ្នាំ ២០០៣ ហើយបានធ្វើការនៅតាមតំបន់ផ្សេងៗ រួមទាំងអាស៊ីកណ្តាល មជ្ឈិមបូព៌ា និងកោះនានា នៅមហាសមុទ្យប៉ាស៊ីហ្វិក។

លោកបានដឹកនាំគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ជុំវិញលទ្ធភាពទទួលបានហិរញ្ញវត្ថុដល់ស្ត្រី សហគ្រាសធុនតូច និងមធ្យម និងអាកាសធាតុ គាំទ្រការកែទម្រង់ និងការ អនុវត្តគោលនយោបាយសម្រាប់កំណើន ដែលដឹកនាំដោយវិស័យឯកជននៅតាមវិស័យនានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធ កសិពាណិជ្ជកម្ម ធនាគារ និងទេសចរណ៍ផងដែរ។

លោកស្រី Kim-See Lim នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ IFC បាននិយាយថា «ការធ្វើការនៅតាមតំបន់នានា អស់រយៈពេល២ទសវត្សរ៍ លោក ថមម៉ាស នឹងនាំមកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនដល់តួនាទីថ្មីរបស់គាត់ ដែលនឹងជួយពង្រឹងការចូលរួមរបស់ IFC នៅក្នុងតំបន់កណ្តាល ទៅកាន់ជំហានបន្ទាប់ នៃសេដ្ឋកិច្ចក្នុងបណ្តាប្រទេសមេគង្គ»

នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ លោក Thomas Jacobs និងក្រុមការងាររបស់គាត់ នឹងបន្តជួយដល់ប្រទេសកម្ពុជា វៀតណាម និងឡាវ ក្នុងការកសាងឡើងវិញ ឲ្យកាន់តែល្អ និងបៃតងជាងមុនដោយប្រើប្រាស់សក្តានុពល នៃវិស័យឯកជនក្នុងការជំរុញផលិតភាព ការប្រកួតប្រជែង និងនវានុវត្តន៍នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន៕

ខាងក្រោមនេះ ជាសចក្ដីប្រកាសព័ត៌មានរបស់ IFC ដែលមានខ្លឹមសារទាំងស្រុង៖