(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឱ្យអនុវត្តកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ដែលហៅឈ្មោះជាភាសាអង់គ្លេសថា «Access to Finance Program (AFP)» ដើម្បីធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ការដាក់ដំណើរការកម្មវិធីនេះ បានកំណត់គោលដៅ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួម ក្នុងកម្មវិធីនេះ នឹងទទួលជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

ឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា កម្មវិធីនេះ នឹងរួមចំណែកបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងគាំទ្រដល់ការទទួលបានហិរញ្ញប្បទាន កាន់តែប្រសើរសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រីនៅកម្ពុជា។

លោក Raymond Sia ប្រធានសមាគមធនាគារកម្ពុជា បានលើកឡើងថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ គឺជាអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តជាតិ ស្តីពី
បរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩ - ២០២៥។

លោកបន្តថា កម្មវិធីថ្ងៃនេះ នឹងក្លាយជាវេទិកា ផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពិសេសសហគ្រិនស្ត្រី ដើម្បីជួបគ្នា និងជជែកគ្នាអំពីតម្រូវការនានា ដែលពាក់ព័ន្ធនឹងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) ក៏ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលសុទ្ធតែមានគោលបំណង ជំរុញឱ្យសហគ្រាសនៅកម្ពុជាទទួលបានដើមទុនងាយស្រួលជាងមុន ក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

លោកស្រី សាប៊ីន យ៉ៅគ្ក នាយិកាប្រចាំប្រទេសអង្គការផេកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានសហការជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការបង្កើតឲ្យមាន «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន (Access to Finance Program)» នេះឡើង។

លោកស្រីបន្តថា «យើងត្រូវធ្វើការជាមួយគ្នា ដើម្បីគាំទ្រសហគ្រិន រួមទាំងសហគ្រិនស្ត្រីដែលមានប្រមាណ ៣៥០,០០០ នាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលពួកគេកំពុងជួបប្រទះ ជាពិសេសការមិនមានទ្រព្យបញ្ចាំ ដើម្បីទទួលបានប្រាក់កម្ចី»

លោកស្រីបន្តថា សហគ្រិនស្ត្រី ដែលស្ថិតក្នុងសហគ្រាសធុនមីក្រូ និងតូច គួរតែត្រូវបានផ្តោតកាន់តែច្រើន។

លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ពិតជានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោកស្រីបានលើកឡើងបន្តថា កម្មវីធីលទ្ធភាពទទួលបានហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនលទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្តាលពី២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

លោកស្រីបានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឲ្យយកចិត្តទុកដាក់ផ្តល់ឥណទាន ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយពិចារណាលើលទ្ធភាពនៃការសងជាជាងទ្រព្យធានា។

គួររំលឹកផងដែរថា កម្មវិធី AFP ដែលបានអនុវត្តកន្លងទៅ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន សហគ្រិនចំនួន ៧៣ នាក់ ទទួលបានប្រាក់កម្ចី ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុចូលរួម សហគ្រិន ២៣២នាក់ បានទទួលការ
កសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនចំនួន ២៧នាក់ បានទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់ដោយក្រុមហ៊ុនបញ្ជី។ ដោយផ្អែកលើលទ្ធផលនេះ សមាគមទាំងបី នឹងបន្តរអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានឆ្នាំ២០២២ ដើម្បីបន្តរគាំទ្រសហគ្រិនទទួលបានហិរញ្ញប្បទាន៕