(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ដ ដល់អ្នករកស៊ីលក់អាហារតាមផ្លូវ (Street food) រៀបចំអនាម័យឲ្យបានល្អ ព្រោះវាក៏ជាផ្នែកមួយសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លើសពីនោះទៀត លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា នៅពេលអ្នករកស៊ីលក់អាហារតាមផ្លូវទាំងអស់នាំគ្នា រៀបចំអនាម័យអាហាររបស់ខ្លួន ដែលមានអនាម័យ និងគុណភាពល្អនោះ វានឹងនាំឲ្យយើងក្លាយជាពលរដ្ឋម្នាក់ ដែលបានជួយប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ផងដែរ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានជំរុញនូវម្ហូបអាហារតាមផ្លូវ (Street food) [...] អាហារតាមផ្លូវ ក៏ជាកិច្ចការមួយសំខាន់ ចំពោះប្រទេសយើង ព្រោះថាប្រជាពលរដ្ឋភាគច្រើន ក៏ដូចជាភ្ញៀវទេសចរ ហូបអាហារនៅតាមផ្លូវនេះច្រើន»

បន្ថែមពីនោះទៀត លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ក៏កំពុងតែជំរុញលើការងារម្ហូបអាហារនេះ ហើយអ្នករកស៊ីលក់អាហារទាំងអស់ ក៏ត្រូវតែចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យមានការរៀបចំអនាម័យខ្ពស់ ប្រកបដោយគុណភាព និងមានតម្លៃសមរម្យផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ គឺផ្នែកមួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ គឺជាលិខិតតុបករណ៍ដ៏សំខាន់មួយទៀត របស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ដើម្បីជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីបានរំលឹកថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្ដើមតាក់តែងឡើង ដោយក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៤ និងបញ្ចប់ការរៀបចំ នៅឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេស នៅទីស្ដីការគណៈរដ្ឋមន្ត្រីរហូតឈាន ដល់ការដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលនៅឆ្នាំ២០១៩។

អស់រយៈពេល៤ឆ្នាំ តាមរយៈកិច្ចពិភាក្សា ផ្ដល់ធាតុចូលដើម្បីកែសម្រួលទាំងក្នុងកិច្ចប្រជុំអន្តរក្រសួង និងអន្តរក្រសួងចង្អៀតជាច្រើនលើក ទើបឈានដល់ការដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារទាំងអស់មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិត និង សុខភាពប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ៕