(ភ្នំពេញ)៖ រយៈពេល៣ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៤៣គម្រោង ក្រោមទុនវិនិយោគជាង២៤០០លានដុល្លារ។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង៤៣គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការអនុម័តគម្រោងថ្មីនេះ ជាសញ្ញាមួយល្អសម្រាប់ប្រទេសកម្ពុជា។

ឧកញ៉ាបានបង្ហាញនូវសុទិដ្ឋិនិយមថា ការអនុវត្តកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្មកម្ពុជា-ចិន, កម្ពុជា-កូរ៉េ ក៏ដូចជាការអនុវត្ត នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) ទន្ទឹមពេលដែលកម្ពុជា នៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និង អង់គ្លេសផងនោះ លោកជឿថា ការវិនិយោគនៅតែមានការកើនឡើង។

ឧកញ៉ា លឹម ហេង បានឲ្យដឹងថា ទន្ទឹមពេលប្រទេសក្នុងតំបន់មួយចំនួន ដែលទទួលការអនុគ្រោះពន្ធ ដូចកម្ពុជាដែរនោះ កំពុងតែជួបវិបត្តិនយោបាយ ក៏ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យការបញ្ជាទិញពីបណ្ដាប្រទេសទាំងនោះ ងាកមកកាន់កម្ពុជា ធ្វើឲ្យមានការបង្កើតរោងចក្រថ្មីៗទៀតនៅកម្ពុជា៕