(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វិធានការមុតស្រួចនានា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ របស់រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងក្នុងកំណើន ៥.៦ភាគរយ នៅឆ្នាំ២០២២នេះ, ៦.៦ភាគរយនៅឆ្នាំ២០២៣ ហើយឈានដល់៧ភាគរយ នៅឆ្នាំ២០២៤ នេះជាដំណឹងដ៏ល្អមួយសម្រាប់វិស័យធុរកិច្ច។

ការលើកឡើងរបស់លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មរូបនេះ ធ្វើឡើងក្នុងឱកាសបានទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា «តាមរយៈវិធានការមុតស្រួចនានា ដែលបានដាក់ចេញជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងងើបឡើងវិញជាមួយនឹងកំណើន ៥.៦% ក្នុងឆ្នាំ២០២២ និង៦.៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច»

លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ ក៏បានថ្លែងអំណរគុណដល់វិនិយោគិនកូរ៉េ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានជម្រាបជូនពី សក្ដានុពលរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។

លោកបានឲ្យដឹងថា តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្មកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានធ្វើបទបង្ហាញសង្ខេប ជូនអង្គប្រជុំ អំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ការគ្រប់គ្រងលើស្ថានភាពកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព សក្តានុពលពាណិជ្ជកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិក្រុមហ៊ុន ចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញជាដើម។ ដោយសង្កេតឃើញកម្ពុជាមានសក្តានុពល និងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ ជោគជ័យកន្លងមកមករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ លើគម្រោងធុរកិច្ចទាំងនេះ ដែលរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕