(ភ្នំពេញ)៖ «ការវិនិយោគលើជំនាញ គឺជាការវិនិយោគលើអនាគតរបស់បុគ្គលិក និងជាពិសេសរោងចក្រ-សហគ្រាស ពីព្រោះជំនាញ គឺជាកត្តាកំណត់ភាពប្រកួតប្រជែងរបស់បុគ្គលិក និងរោងចក្រ-សហគ្រាស តាមរយៈការបង្កើនផលិតភាព និងគុណភាព»។ នេះជាការលើកឡើងរបស់ លោក គី សុខគីម ប្រធានសម្របសម្រួលគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) និងមូលនិធិអភិវឌ្ឍជំនាញ (SDF) នៅក្នុងសិក្ខាសាលាស្តីពី «ការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍជំនាញក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ» នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

លោកបានអះអាងទៀតថា បញ្ហាកង្វះបុគ្គលិកជំនាញទាំងបរិមាណ និងគុណភាព ជាកត្តារាំងស្ទះដល់ការអភិវឌ្ឍក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាន និងកំពុងដោះស្រាយ។

លោក គី សុខគីម បានបន្ថែមទៀតថា ការអភិវឌ្ឍជំនាញទាំងជំនាញបច្ចេកទេស និងជំនាញទន់ នឹងជួយឲ្យកម្មករ និងបុគ្គលិកខ្មែរយើង អាចចាប់យកការងារល្អជាងមុន និងមានប្រាក់បៀវត្សន៍ល្អជាងមុន ព្រមទាំងអាចមានលទ្ធភាពជំនួសកម្មករ និងបុគ្គលិកជំនាញបរទេស រីឯរោងចក្រ សហគ្រាសវិញ ក៏នឹងកាត់បន្ថយចំណាយលើការប្រើប្រាស់កម្មករ និងបុគ្គលិកជំនាញបរទេស និងបង្កើនផលិតភាព និងគុណភាពផលិតផលរបស់ខ្លួនផងដែរ។

ក្រោមការតម្រង់ទិសរបស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ និងលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់ថវិកា ចំនួន២,៤លានដុល្លារ ដល់គម្រោងបណ្តុះបណ្តាលចំនួន៧៨គម្រោង ដែលមានសិក្ខាកាមសរុបចំនួន ៥,៥៨១នាក់ ក្នុងនោះមានស្ត្រី៤៣%។

លោក គី សុខគីម បានលើកទឹកចិត្តឲ្យរោងចក្រសហគ្រាស ដែលមានតម្រូវការអភិវឌ្ឍធនធានមនុស្ស សូមសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាល រៀបចំសំណើសុំថវិកាគាំទ្រមកកាន់មូលនិធិអភិវឌ្ឍន៍ជំនាញ ប៉ុន្តែមូលនិធិអភិវឌ្ឍន៍ជំនាញនឹងវាយតម្លៃ និងជ្រើសរើសដោយឈរលើគោលការណ៍ប្រកួតប្រជែងទាំងគុណភាព និងថ្លៃបណ្តុះបណ្តាល។

ជាមួយគ្នានេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមកាត់ដេរនៅកម្ពុជា (GMAC) បានលើកឡើងថា បញ្ហាធនធានមនុស្ស គឺជារឿងមួយដ៏សំខាន់មិនអាចខ្វះបាន ហើយរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធសាស្ដ្រអភិវឌ្ឍន៍វិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលចំណុចយុទ្ធសាស្ដ្រទីមួយ គឺបន្ដពង្រឹងធនធានមនុស្សតែម្ដង ដើម្បីលើកកម្ពស់ផលិតភាពរោងចក្រ សហគ្រាស និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត។

លោក កាំង ម៉ូនីកា ក៏បានជំរុញ និងលើកទឹកចិត្តដល់តំណាងរោងចក្រ សហគ្រាសទាំងអស់ ត្រូវត្រង់ត្រាប់ស្ដាប់ការពន្យល់ពីក្រុមការងារ SDF ដើម្បីអាចរៀបចំសំណើគម្រោងស្នើសុំថវិកាពី SDF ក្នុងការអភិវឌ្ឍជំនាញបុគ្គលិករបស់ខ្លួន ទៅតាមតម្រូវការជាក់ស្តែង៕