(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី បានផ្អាកដំណើរបូមប្រេងពីដែនសមុទ្រកម្ពុជា នៅប្លុក A ដោយសារតែការក្ស័យធននោះ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួន បានចាប់អារម្មណ៍លើការសិក្សារុករក ដើម្បីបូមប្រេង និងឧស្ម័ននៅកម្ពុជា។

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ មេសានេះថា បំណងសិក្សាស្រាវជ្រាវលើការុករាវតំបន់ប្រេងនេះ ខណៈដែលតម្លៃប្រេងឥន្ធនៈលើពិភពលោកកំពុងឡើងថ្លៃ។ ជាមួយគ្នានេះដោយសារការផលិតប្រេងលើកដំបូងរបស់កម្ពុជា កាលពីចុងឆ្នាំ ២០២០ ដែលបានបញ្ជាក់ថា កម្ពុជាពិតជាមានប្រេង កាន់តែជំរុញឱ្យក្រុមហ៊ុនទាំងនោះ ចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

ប៉ុន្តែយ៉ាងណាលោកមិនបានបញ្ជាក់ អំពីអត្តសញ្ញាណរបស់ក្រុមហ៊ុនទាំងនោះឡើយ ដោយសារក្រុមហ៊ុនទាំងនោះ ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅឡើយ។

លោកបានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា «មានក្រុមហ៊ុនពីរបីដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅឡើយ។ នៅដែនសមុទ្រ យើងមានប្លុកចំនួន៥នៅទំនេរ សម្រាប់ការស្វែងរកប្រេង និងឧស្ម័នរួមទាំងប្លុក A»

ដោយឡែកករណីប្រេងឆៅចំនួន៣០ម៉ឺនបារ៉ែល ដែលបូមបានដោយ KrisEnergy និងត្រូវបានលួចដឹកចេញពីកម្ពុជា ហើយអាជ្ញាធរឥណ្ឌូនេស៊ីចាប់ឃាត់ទុកនោះ មកទល់ពេលនេះមិនទាន់ អាចយកមកវិញបាននៅពេលណានោះឡើយទេ ដោយមេធាវីរបស់កម្ពុជា និងភាគីម្ខាងទៀត កំពុងធ្វើការងារដោះស្រាយលើបញ្ហានេះ។

កម្ពុជាមានប្លុករុករកប្រេងចំនួន២៥កន្លែង នៅក្នុងដែនសមុទ្រ និងដែនគោក។ លោក ជៀប សួរ បានឱ្យដឹងថា ក្រៅពីតំបន់ទាមទារត្រួតគ្នាជាមួយប្រទេសថៃ ក្នុងដែនសមុទ្រ កម្ពុជាមានតែប្លុក D មួយទេ ដែលបានចុះកិច្ចព្រមព្រៀងប្រេងកាត ក្នុងការសិក្សាស្រាវជ្រាវប្រេង និងឧស្ម័ន។ ចំពោះដែនគោក កំពុងចរចាកិច្ចព្រមព្រៀងប្រេងកាតជាមួយក្រុមហ៊ុនកាណាដា ដើម្បីធ្វើការសិក្សាស្រាវជ្រាវប្រេង និងឧស្ម័ន ក្រៅពីនោះ គឺនៅទំនេរមិនទាន់មានក្រុមហ៊ុនរុករកនៅឡើយទេ៕