(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការបង្កើតផ្សារខេមបូឌាត្រេដ (Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ជាចលករដ៏ខ្លាំងក្លាយមួយ ក្នុងការរុញច្រានផលិតផលខ្មែរចូលទីផ្សារអន្ដរជាតិ។

ការលើកឡើងរបស់លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីដាក់សម្ពោធជាផ្លូវការ ផ្សារខេមបូឌាត្រេដ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ផ្សារខេមបូឌាត្រេដ ជាផ្សារអនឡាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម អាចលក់ផលិតផលខ្មែរ ដែលមានសក្តានុពល ទាំងការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ព្រមទាំងការដាក់តាំងលក់ទំនិញ ក្នុងទីផ្សារដែលទូលំទូលាយ និងមិនមានព្រំដែន។

លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា «ជាការពិតណាស់វត្តមានរបស់ផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្ម គឺជាការរុញច្រានផលិតផលខ្មែរ ចូលទីផ្សារអន្ដរជាតិ ព្រមទាំងជួយជំរុញផលិផលខ្មែរ ចូលទីផ្សារក្នុងស្រុក។ តាមរយៈផ្សារខេមបូឌាត្រេដនេះ បានជួយជំរុញដល់បងប្អូនបរទេស និងបងប្អូនខ្មែរចូលរួមប្រើប្រាស់ផលិតផលខ្មែរ ឲ្យបានច្រើនបំផុត ដើម្បីទទួលបានចំណូល ជំរុញជីវភាពដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលផលិតផលិតផលខ្មែរ»

លោកបានបន្ថែមថា ជាក់ស្ដែងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានខិតខំ ក្នុងការជំរុញផលិតផលខ្មែរ ដោយបានរៀបចំយុទ្ធនាការផ្សេងៗ ក៏ដូចជាការតាំងពិព័រណ៍ ស្ដីពីផលិតផលខ្មែរ ហើយមួយឆ្នាំទៅមួយឆ្នាំឃើញថា ផលិតផលខ្មែរមានការផ្លាស់ប្ដូរច្រើនទាំងការផលិត, ទាំងការវេចខ្ចប់ ព្រមទាំងគុណភាពផងដែរ។

លោកបានបញ្ជាក់ទៀតថា «ចំពោះសហគ្រាសធុនតូច និងមធ្យម SEM ដែលមានបំណងចង់លក់ផលិតផលរបស់ខ្លួន ក្នុងផ្សារខេមបូឌាត្រេដ ក្រុមហ៊ុន-សហគ្រាសត្រូវតែជាក្រុមហ៊ុន ដែលចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម, មានបណ្ណប៉ាតង់ និងជាក្រុមហ៊ុនផលិតតែផលិតផលខ្មែរ»។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសហគ្រាសជាង១០០ហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មអនុម័ត និងមានទំនិញប្រមាណជាង១០០ពាន់មុខ បានដាក់លក់លើទីផ្សារខេមបូឌាត្រេដនេះ។ សម្រាប់សហគ្រាសធុនតូច និងមធ្យម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ផលិតផលដល់អតិថិជនក្រៅប្រទេស ដោយសារតែផ្សារខេមបូឌាត្រេដនេះ បានតភ្ជាប់យ៉ាងពេញលេញជាមួយសេវាទូរទាត់ទឹកប្រាក់ និងការដឹកជញ្ជូនស្រប់តាមច្បាប់ ដើម្បីសម្រួលដល់ការទិញ-លក់នៅក្រៅប្រទេស។

លោករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ដើម្បីបន្ថែមភាពងាយស្រួល ក្នុងការទូរទាត់ទឹកប្រាក់លើការទិញទំនិញ រហូតមកដល់ពេលនេះក្រសួងពាណិជ្ជកម្ម បានសហការភាពជាដៃគូជាមួយនឹងធនាគារចំនួន៤ហើយ ហើយគ្រោងនឹងសហការជាមួយធនាគារផ្សេងៗជាច្រើនទៀត ក្នុងនោះមានធនាគារជីបម៉ុងផងដែរ»

កញ្ញា ស៊ឹង សុផា អ្នកគ្រប់គ្រងទូទៅនៃសហគ្រាស សិលាផិបភើរ ខូអិលធីឌី បានថ្លែងថា ចំពោះការបង្កើតផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្មនេះ នឹងបន្ថែមជួយដល់ទីផ្សារផលិតផលខ្មែរ កាន់តែទូលាយបន្ថែមទៀត។

កញ្ញាបន្ដថា «ចំពោះវត្តមាននៃផ្សារខេមបូឌាត្រេដនេះ ខ្ញុំរំពឹងនឹងជួយជំរុញផលិតផលខ្មែរ ចូលទីផ្សារបរទេសទោះបីតិច ឬច្រើន នៅតែជួយជំរុញផលិតផលខ្មែរ។ ចំពោះវត្តមានរបស់ផ្សារខេមបូឌាត្រេដនេះ នឹងជួយជំរុញផលិតផលរបស់ក្រុមហ៊ុន សិលាផិបភើរ ចូលទៅកាន់ទីផ្សារអន្ដរជាតិ ហើយខ្ញុំក៏សង្ឃឹមទៀតថា តាមរយៈផ្សារខេមបូឌាត្រេដ នឹងត្រូវបានទទួលស្គាល់ ទូលំទូលាយលើទីផ្សារអន្ដរជាតិ»៕