(សិង្ហបុរី)៖ តម្លៃប្រេងបានធ្លាក់ចុះជាង ៥ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃព្រហស្បតិ៍ ខណៈដែលសហរដ្ឋអាមេរិកកំពុងពិចារណាអំពីការបញ្ចេញប្រេងរហូតដល់ ១៨០ លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្ត្រ (SPR) របស់ខ្លួនក្នុងរយៈពេលជាច្រើនខែខាងមុខ ដើម្បីទម្លាក់តម្លៃប្រេងឆៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ ៥,៤៧ដុល្លារ ឬ ៤,៨% មកនៅត្រឹម ១០៧,៩៨ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ១០ និង ១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាសម្រាប់ការចែកចាយនៅខែឧសភាបានធ្លាក់ចុះ ៦,០៦ដុល្លារ ឬ ៥,៦% មកនៅត្រឹម ១០១,៧៦ដុល្លារក្នុងមួយបារ៉ែល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពចំនួនបីថា ប្រធានាធិបតីអាមេរិក លោក Biden នឹងថ្លែងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រកាសពីផែនការបញ្ចេញស្តុកប្រេងនេះ។ ប្រភពទាំងបីនេះបានឱ្យដឹងថា ការប្រកាសពីការបញ្ចេញប្រេងពីស្តុកនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយតម្លៃប្រេងសាំងដែលបានកើនឡើងដល់កំណត់ត្រាថ្មីមួយបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ដោយសំដៅដល់ចំនួនប្រេង ១៨០លានបារ៉ែល លោក Warren Patterson ប្រធានផ្នែកយុទ្ធសាស្រ្តទំនិញប្រំចាក្រុមហ៊ុន ING បានថ្លែងថា៖ «ប្រសិនបើវាពិតជាដូច្នេះមែន វានឹងមានសារៈសំខាន់ ហើយដូច្នេះពិតជាអាចជួយបានខ្លះដើម្បីបំពេញការខ្វះខាត ប៉ុន្តែមិនមែនបានទាំងអស់នោះទេ»។

លោកបានមានប្រសាសន៍ថា៖ «សំណួរសំខាន់មួយទៀតគឺថា តើបរិមាណនេះនឹងក្លាយជាផ្នែកមួយនៃការបញ្ចេញប្រេងពីស្តុកដែលមានការសម្របសម្រួលកាន់តែទូលំទូលាយឬយ៉ាងណា»។

អ្នកនាំពាក្យរបស់លោក Angus Taylor រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសអូស្ត្រាលីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារថាមពលអន្តរជាតិបានកោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបន្ទាន់មួយសម្រាប់ថ្ងៃសុក្រដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕