(ប៉េកាំង)៖ ប្រទេសចិននឹងដាក់ចេញគោលនយោបាយនានា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលសម្ពាធធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចបានកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយកាណ៍ដោយដកស្រង់សេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដែលបានរាយការណ៍អំពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីចិនថា យោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋចិនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Li Keqiang  ប្រទេសចិនបានពិចារណារួចហើយអំពីការផ្លាស់ប្តូរបរិយាកាសដែលកើតមានក្នុងស្រុក និងខាងក្រៅនៅពេលបង្កើតគោលនយោបាយម៉ាក្រូសម្រាប់ឆ្នាំនេះ ប៉ុន្តែចិននឹងត្រៀមខ្លួនសម្រាប់ភាពមិនប្រាដកប្រជាដែលអាចកើតមាន និងកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ច។

ប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះកំពុងប្រឈមមុខនឹងការកើតមានវិញនៃករណីជំងឺកូវីដ-១៩ ថ្មីដ៏អាក្រក់បំផុតគិតចាប់ពីដើមឆ្នាំ២០២០មក ជាមួយនឹងការធ្វើតេស្តទ្រង់ទ្រាយធំ ហើយការទប់ស្កាត់ការរីករាលដាល់មេរោគកើតមានកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងជាច្រើន។

ទីក្រុងស៊ាងហៃ ដែលមានប្រជាជនរស់នៅចំនួន ២៦លាននាក់ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន ត្រូវបានបិទខ្ទប់រយៈពេល ៣ថ្ងៃមកហើយ ខណៈដែលករណីជំងឺកូវីដ-១៩ ថ្មីនៅក្នុងទីក្រុងនេះបានកើនឡើងមួយភាគបី បើទោះបីជាមានវិធានការតឹងរ៉ឹងរួចហើយដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃមេរោគនេះក៏ដោយ។

ប្រទេសចិននឹងមិនដាក់ចេញវិធានការដែលមិនអំណោយផលដល់ការរក្សាស្ថិរភាពការរំពឹងទុករបស់ទីផ្សារឡើយ ហើយប្រទេសនេះនឹងបង្កើនការបោះផ្សាយមូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលដែលនៅសល់។

រដ្ឋាភិបាលចិនបានកំណត់កូតានៅឆ្នាំនេះសម្រាប់ការបោះផ្សាយមូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលមូលដ្ឋានចំនួន ៣,៦៥ទ្រីលានយ័ន (៥៧៤,៣ប៊ីលានដុល្លារ) ហើយមូលបត្របំណុលចំនួន ១,៤៦ទ្រីលានយ័នត្រូវបានបោះផ្សាយរួចហើយ។

យោងតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចិនដដែលនេះបានឱ្យដឹងថា ការបោះផ្សាយមូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលនឹងត្រូវបានផ្តល់ជូនមុនគេដល់តំបន់ដែលមានសមត្ថភាពសងបំណុលខ្លាំង និងដែលមានគម្រោងច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕