(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធទូទាត់ «បាគង» មាន២.៥ទ្រីលានរៀល និងប្រាក់ដុល្លារមាន៣ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «យោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២១កន្លងទៅប្រតិបត្តិការ ជាប្រាក់រៀលតាមប្រព័ន្ធទូទាត់ បាគង មានប្រមាណ២,៥ទ្រីលានរៀល និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមាន៣ប៊ីលានដុល្លារអាមេរិក»។

ចំពោះការផ្តល់ភាពងាយស្រួល ក្នុងការទទួលបានសេវាទូទាត់តាមប្រព័ន្ធបាគង បានបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាទូទាត់ ប្រមាណ៨លាននាក់ ស្មើប្រមាណ៨០% នៃប្រជាជនពេញវ័យសរុប។

ប្រព័ន្ធទូទាត់ បាគង បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា កំពុងក្លាយជាសមិទ្ធផលថ្មីគួរជាទីមោទនរបស់ប្រទេសកម្ពុជា ដោយសារប្រព័ន្ធទូទាត់នេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងផ្តល់ពានរង្វាន់ជាបន្តបន្ទាប់ ពីស្ថាប័នជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក។

ជាក់ស្ដែងដើមឆ្នាំ២០២២នេះ ប្រព័ន្ធទូទាត់បាគង ត្រូវបានស្ថាប័នព័ត៌មាន Nikkei Asia ផ្តល់ពានរង្វាន់ទទួលស្គាល់ជាផលិតផល និងសេវាកម្មឆ្នើមប្រចាំឆ្នាំ២០២១ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ Nikkei Asia ជាស្ថាប័នព័ត៌មានដ៏ធំមួយនៅលើពិភពលោក ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនតាំងពីឆ្នាំ១៨៧៦។

ស្ថាប័នព័ត៌មាន Nikkei Asia បានបញ្ជាក់ថា «ការសម្រេចផ្តល់ពានរង្វាន់នេះ ដល់ប្រព័ន្ធទូទាត់បាគង ដោយសារពិនិត្យឃើញពីអត្ថប្រយោជន៍ និងនវានុវត្តន៍ថ្មីរបស់ប្រព័ន្ធ បាគង ដែលធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២០កន្លងមក»។

ប្រព័ន្ធ បាគងជាប្រព័ន្ធទូទាត់របស់ធនាគារកណ្តាល ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនមុនគេបង្អស់លើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់ក្នុងប្រតិបត្តិការទូទៅ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈកម្មវិធីធនាគារនៅលើទូរស័ព្ទដៃ ដោយទទួលបានប្រាក់ភ្លាមៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ចាប់ពីឆ្នាំ២០២០មកធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់រួមមាន ពានរង្វាន់ទេសាភិបាលឆ្នើមប្រចាំឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ពីទស្សនាវត្តីហិរញ្ញវត្ថុ The Banker, ពានរង្វាន់និយ័តករឆ្នើមលើការបំពេញមុខងារ-ភារកិច្ច ពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងពានរង្វាន់នាពេលនេះពី ភ្នាក់ងារសារព័ត៌មានជប៉ុន Nikkei Asia សម្រាប់ប្រព័ន្ធបាគង ក្នុងនាមជាផលិតផល និងសេវាកម្មឆ្នើមប្រចាំឆ្នាំ២០២១។

លោកស្រី ជា សិរី ជាអ្នកផ្តួចផ្តើមគំនិត និងដឹកនាំការបង្កើតប្រព័ន្ធបាគងនេះ ត្រូវបានស្ថាប័នជំនាញផ្នែកវិភាគ និងរាយការណ៍ព័ត៌មានអំពីរូបិយប័ណ្ណឌីជីថល CoinDesk ដាក់បញ្ចូលក្នុងបញ្ជីបុគ្គលមានភាពច្នៃប្រឌិតខ្ពស់បំផុត៥០រូប លើពិភពលោកប្រចាំឆ្នាំ២០២១ផងដែរ។

សមិទ្ធផលដែលសម្រេចបានទាំងនេះកើតឡើងពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ និងជាពិសេសគុណសម្បត្តិពីសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឱ្យសេដ្ឋកិច្ចងើបឡើងយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា នាពេលកន្លងមកធនាគារជាតិនៃកម្ពុជា បានគិតគូពីប្រសិទ្ធភាព និងភាពធន់នៃប្រព័ន្ធទូទាត់របស់កម្ពុជា ស្របតាមនិន្នាការតំបន់ តាមរយៈការបង្កើតទំនាក់ទំនងទ្វេភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយប្រើប្រាស់រូបិយវត្ថុជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ ប្រព័ន្ធទូទាត់អន្តរជាតិ។

ជាក់ស្ដែងចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក ប្រជាជនកម្ពុជាអាចទូទាត់ដោយផ្ទាល់ តាមរយៈឃ្យូអរកូត (QR Code) នៅប្រទេសថៃ ហើយចាប់ពីខែសីហា ឆ្នាំ២០២១មកអាចទូទាត់ និងផ្ទេរប្រាក់នៅប្រទេសម៉ាឡេស៊ី តាមរយៈប្រព័ន្ធបាគង ដែលបានសម្រួលដល់ទេសចរ និងពលករខ្មែរក្នុងការទូទាត់ និងផ្ទេរប្រាក់នៅក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ត្រូវបានបង្កើតឡើង ដើម្បីសម្រួលរាល់ការទូទាត់តាមកាតធនាគារ ក្នុងប្រព័ន្ធទូទាត់ក្នុងស្រុក ទន្ទឹមគ្នានឹងការប្រើប្រាស់វីសា ឬម៉ាស្ទើកាត។

ធនាគារជាតិនៃកម្ពុជា នឹងបន្តពង្រឹងការទូទាត់ជារូបិយវត្ថុជាតិ និងការទូទាត់ទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ដើម្បីលើកកម្ពស់ភាពម្ចាស់ឯករាជ្យភាព និងភាពធន់នៃប្រព័ន្ធទូទាត់កម្ពុជា ក៏ដូចជាកាត់បន្ថយការពឹងផ្អែកជ្រុលលើប្រព័ន្ធទូទាត់អន្តរជាតិ។

ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា គ្រោងនឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់សម្រួលដល់ការផ្ទេរប្រាក់ឧបត្ថម្ភនានា របស់រាជរដ្ឋាភិបាលជួយ ដល់ប្រជាជនងាយរងគ្រោះផងដែរ។

សូមជម្រាបថា ក្នុងជំនួបកំពូលរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីទាំងពីរ បានទទួលស្គាល់ថា ការអភិវឌ្ឍប្រព័ន្ធទូទាត់របស់ធនាគារជាតិនៃកម្ពុជា «បាគង» ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនជប៉ុន គឺជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយនវានុវត្តន៍ ដែលឈានមុខគេក្នុងតំបន់ និងពិភពលោក ហើយបានទទួលស្គាល់ពីសារសំខាន់ នៃការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។

លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ បានលើកឡើងយ៉ាងដូច្នេះថា «យើង [កម្ពុជា-ជប៉ុន] នឹងចាប់ផ្តើមសហប្រតិបត្តិការថ្មី ក្នុងវិស័យថាមពល សន្តិសុខ សេដ្ឋកិច្ច ឌីជីថល និង Cyber។ ខ្ញុំលើកឧទាហរណ៍មួយ គឺប្រព័ន្ធទូទាត់ឌីជីថល បាគង នៃធនាគារជាតិកម្ពុជា បានបង្កើតឡើងដោយសហការជាមួយសហគ្រាសជប៉ុន។ ជប៉ុននឹងបន្តគាំទ្រដល់គម្រោងនានា ដ៏មានក្តីសង្ឃឹមនាពេលអនាគត ដូចគម្រោងបាគង»៕