(ភ្នំពេញ)៖ ប្រទេសហ្កាប៊ុង ដែលជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្វ្រិចកណ្តាល ជាប្រទេសដែលកម្ពុជាបាននាំអង្ករចេញទៅច្រើនជាងគេឈរនៅរៀងទី៤ ខណៈក្នុង រយៈពេល២ខែដើមឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករក្រអូបទៅកាន់ប្រទេសហ្កាប៊ុងមានចំនួន ២ ៥៩២ តោនដែលគិតជាទឹកប្រាក់មានចំនួនជាង ២.៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាម ការចេញផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

តាមសហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសហ្កាប៊ុងចំនួន ១៨៨ ១៩៨ តោន ឈរនៅលំដាប់ទី៤ ក្នុងចំណោមទីផ្សារអន្តរជាតិ៩០ប្រទេស ដែលប្រទេសកម្ពុជាបាននាំចេញ។ ពោលគឺបន្ទាប់ពីប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី៣ ដែលមានចំនួន ២០៤ ៦៥៦តោន ប្រទេសបារាំងឈរនៅលំដាប់ទី២ ចំនួន ៣៩៦ ៤៨៦ តោន និងប្រទេសចិន ឈរនៅលំដាប់ទី១ ស្មើរនឹងចំនួន ១ ១៦៤ ១៥២ តោន ដោយមិនរាប់បញ្ជូលបរិមាណអង្ករលក់ទៅកាន់ទីក្រុងហុងកុង និងម៉ាកាវ។

សូមជម្រាបថា រយៈពេល២ខែ ដើមឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំអង្ករចេញចំនួន ១០៣ ០៥៨ តោន និងស្រូវចំនួន ៦៤១ ១០១តោន មានទឹកប្រាក់ជាង ២១៤.៥៦លានដុល្លារ ៕