(ភ្នំពេញ)៖ គ្មានអ្វីប្រែប្រួលនោះទេ ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ស្អែកនេះតទៅហើយ បន្ទាប់ពីមានការពន្យារពេល៣ខែរួចមក។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនានេះថា «គ្មានអ្វីប្រែប្រួលទេ យើងចាប់អនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ចាប់ពីថ្ងៃទី១ ខែមេសា ស្អែកនេះតទៅ ហើយរហូតមកដល់ពេលនេះមានក្រុមហ៊ុនអន្តរជាតិចំនួន១៦ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) របស់អគ្គនាយកដ្ឋានពន្ធដារ»

បើតាមលោក គង់ វិបុល ក្រុមហ៊ុនអន្តរជាតិទាំង១៦នោះរួមមាន៖ 1-Meta Platforms Ireland Limited, 2-Silverlake Structured Services SDN.BHD, 3-Facebook Technologies Ireland Limited, 4-Huawei Services (Hong Kong) Co.,Ltd, 5-Microsoft Regional Sales Pte Ltd., 6-Facebook Payment International Limited, 7-Booking com.B.V, 8-Google Asia Pacifice Pte.Ltd, 9-Netflix Pte.Ltd, 10-Xsolla (USA), Inc, 11-ERNST & Young (Asia-Pacific) Services Limited, 12-Zoho Corporation Pte.Ltd, 13- TATA Consultancy Services Limited, 14- Siam Makro Public Company Limited, 15- Mastercard Asia/Pacific Pte Ltd និង 16-TikTok Ptd Ltd ។

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន (មិនមានស្នាក់ការនៅកម្ពុជា) ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជាទាំងអស់មេត្តារួសរាន់មកធ្វើការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឲ្យបានរួចរាល់ស្រេចបាច់មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានដាក់លិខិត ប្រកាសពន្ធ និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនរដ្ឋបាលសារពើពន្ធ ឲ្យបានទាន់ពេលវេលាដែលច្បាប់កំណត់ត្រូវរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

សូមជម្រាបថា ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។

អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។

អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕