(ភ្នំពេញ)៖ លោក ម៉េង និមល អគ្គនាយករងសភាពពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាលកម្លាំងពលកម្មរបស់កម្ពុជា ឱ្យមានគុណភាព និងមានជំនាញច្បាស់លាស់ គឺជាការចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

លោក ម៉េង និមល លើកបែបនេះធ្វើឡើងក្នុងសិក្ខាសាលា ស្តីពីការផ្តល់មូលនិធិរបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ សម្រាប់ការបណ្តុះបណ្តាលជំនាញ ទៅដល់រោងចក្រសហគ្រាស ដែលរៀបចំឡើងដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីជំរុញការយល់ដឹងអំពីថវិកា គាំទ្រការបណ្តុះបណ្តាលជំនាញ។

លោកបន្តថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការអាទិភាពមួយ របស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពធុរជនក្នុងស្រុក។ កន្លងមកសភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយដៃគូបរទេស និងក្នុងស្រុកផ្តល់ការបណ្តុះបណ្តាលចាប់តាំងពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២២ លើជំនាញគ្រប់គ្រងអាជីវកម្ម និងជំនាញបច្ចេកទេសដល់សិក្ខាកាមចំនួនជាង២០០០នាក់ ដែលជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការពង្រឹងធនធាន ធុរកិច្ចក្នុងស្រុក។

លោកបន្តថា «ប្រទេសយើងមានកម្លាំងពលកម្មវ័យក្មេងសម្បូរបែប ដែលទាមទារចាំបាច់នូវការបណ្តុះបណ្តាល ឱ្យត្រូវតាមកាលៈទេសៈនៃដំណើរវិវត្តរបស់សេដ្ឋកិច្ចជាតិ។ កិច្ចការនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ជាពិសេសក្រុមហ៊ុនសហគ្រាស ដែលជួបប្រទះផ្ទាល់ និងដឹងច្បាស់ពីតម្រូវការធនធានមនុស្ស»

លោក គី សុខគីម ប្រធានសម្របសម្រួលគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) និង SDF បានលើកឡើងថា ជំនាញ គឺជាកត្តាគន្លឹះក្នុងការកំណត់ភាពប្រកួតប្រជែងរបស់រោងចក្រ-សហគ្រាស តាមរយៈការបង្កើនផលិតភាព និងលើកកម្ពស់គុណភាពផលិតផល និងសេវា ដែលនឹងហុចផលជាប្រាក់ចំណេញដល់រោងចក្រ-សហគ្រាស, បង្កើតជាផ្លែផ្កាដល់សេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេស បង្កើតការងារកាន់តែប្រសើរដល់និយោជិត និងយុវជនដែលត្រៀមចូលទីផ្សារការងារ។ បុគ្គលិក និងយុវជនមានជំនាញពិត ទើបជីវិតល្អប្រសើរ រីឯរោងចក្រ-សហគ្រាសមានជំនាញពិត ទើបអាចប្រកួតប្រជែងគុណភាព និងពង្រីកចំណែកទីផ្សារបាន។

លោកបានបន្ថែមថា ដោយមានតម្រូវការការបណ្តុះបណ្តាលពីវិស័យឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) នៅខែមីនា ឆ្នាំ២០១៨។ ក្រោមការតម្រង់ទិសរបស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ និងលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ SDF បានផ្តល់ថវិកាបដិភាគសរុបចំនួន ២,៤ លានដុល្លារអាមេរិក ដល់គម្រោងបណ្តុះបណ្តាលចំនួន ៧៨ គម្រោង ដែលមានសិក្ខាកាមចំនួន ៥ ៥៨១ នាក់ ក្នុងនោះមានស្ត្រី ៤៣%។

លោកបានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន សហគ្រាសនៅកម្ពុជា ដែលមានបំណងអភិវឌ្ឍជំនាញបុគ្គលិករបស់ខ្លួន ទាំងជំនាញទន់ និងជំនាញបច្ចេកទេស ដាក់ពាក្យស្នើថវិកាគាំទ្រពី SDF ។ SDF នឹងផ្តល់ថវិកាបដិភាគរហូតដល់៧៥% នៃថ្លៃបណ្តុះបណ្តាលទាំងមូល និងជួយផ្តល់ព័ត៌មានពីគ្រឹះស្ថានបណ្តុះបណ្តាល ដែលមានគុណភាពអាចទុកចិត្តបាន ដើម្បីឱ្យបុគ្គលិកមានជំនាញពិត និងមានគុណភាព ដែលឆ្លើយតបតាមតម្រូវការតាមរោងចក្រ សហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក និងអាចឈានទៅប្រកួតប្រជែងជាមួយសហគ្រាសបរទេស។

វិស័យអាទិភាពដែលអាចទទួលបានថវិកា សម្រាប់បណ្តុះបណ្តាលជំនាញនេះ មានចំនួន៥៖ វិស័យផលិតកម្ម, សំណង់, អេឡិចត្រូនិច, ទេសចរណ៍ និង ទូរគមនាគមន៍និងព័ត៌មានវិទ្យា។ បន្ថែមពីនេះ វិស័យដទៃទៀត ដែលមានតម្រូវការច្រើន និងមានតម្លៃបន្ថែមខ្ពស់ ក៏អាចដាក់ពាក្យស្នើសុំបានដែរ៕