(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។

លោកបន្តថា ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតែមាន ជាក់ស្ដែងបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តធំៗ មានសៀមរាប ព្រះសីហនុ និងតំបន់ឆ្នេរ គិតត្រឹមពេលនេះ មានការកក់ស្នាក់នៅជាបន្ដបន្ទាប់។ ការឲ្យដឹងរបស់លោករដ្ឋមន្រ្ដី ថោង ខុន ធ្វើឡើងក្នុងសន្នីសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

លោក ថោង ខុន បានថ្លែងថា «ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ទោះបីជាសាំងឡើងថ្លៃក៏ដោយ ប្រជាពលរដ្ឋនឹងសន្សំសំចៃ ដោយប្ដូរឥរិយាបទក្នុងការប្រើប្រាស់រថយន្ដដើរកម្សាន្តជាក្រុម ដើម្បីកាត់បន្ថយថ្លៃធ្វើដំណើរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ មានការកក់សណ្ឋាគារជាច្រើនមានក្នុងខេត្តសៀមរាប មណ្ឌលគិរី ព្រះសីហនុ និងតំបន់ឆ្នេរជាដើម»

លោកបានបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរសង្ឃឹមថា ប្រជាពលដ្ឋនឹងសប្បាយរីករាយត្រៀមខ្លួនដើរលេង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ក្នុងនោះក្រសួងក៏មានការណែនាំស្ដីពីការត្រៀមរៀបចំទទួលភ្ញៀវទេសចជាតិ-អន្ដរជាតិ ដោយនឹងរៀបចំកន្លែងកម្សាន្តជូនពួកគាត់ឲ្យបានល្អ មានសុវត្ថិភាព អនាម័យ គុណភាព សេវាកម្មឲ្យបានល្អ និងពិសេសបំផុតគឺធ្វើយ៉ាងណាដើម្បីកុំឲ្យមានការឡើងថ្លៃលើផ្នែកសេវាកម្ម និងម្ហូបអាហារ ហើយត្រូវនាំគ្នាចូលរួមអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថិតិទេសចរណ៍ ក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា
តាមរបាយការណ៍ស្ថិតិទេសចរត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុបចំនួន១៥១,៦៨០នាក់កើនឡើង១១៤ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២១។ ក្នុងនោះតាមផ្លូវអាកាសមានចំនួន៨៦,៥៨៨នាក់ កើនឡើង១៥៨.២ភាគរយ ផ្លូវគោកមានចំនួន៦៣,០៤៨នាក់ កើនឡើង៦៨.៧ភាគរយ និងផ្លូវទឹកមាន២,០៤៤នាក់។

លោកបានបន្តថា ចំពោះស្ថានភាពជើងហោះហើរសរុបមានចំនួន១,១៨១ជើង ក្នុងនោះមានរាជធានីភ្នំពេញមានចំនួន១,០១២ជើង ខេត្តសៀមរាបមានចំនួន១៤៤ជើង និងខេត្តព្រះសីហនុមានចំនួន៥៥ជើង៕