(តូក្យូ)៖ ក្រសួងហិរញ្ញវត្ថុរបស់ជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសជប៉ុននឹងហាមឃាត់ការនាំចេញលោហៈមានតម្លៃ ជាពិសេសមាស ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការហាមឃាត់ការនាំចេញលើលោហៈមានតម្លៃទៅកាន់រុស្ស៊ីនេះឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលលោកបានសន្យានៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនរបស់មេដឹកនាំមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចាប់ពីថ្ងៃទី៥ ខែមេសាទៅ ជប៉ុននឹងហាមប្រាមការនាំចេញលោហៈមានតម្លៃនានា ដូចជាមាស និងទំនិញមានតម្លៃផ្សេងៗទៀត រួមទាំងរថយន្តទំនើប គ្រឿងអលង្ការ គ្រឿងសម្អាង និងស្រា។

ចំណាត់ការរបស់ជប៉ុននេះកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស បានចាត់វិធានការដើម្បីកាត់បន្ថយប្រតិបត្តិការជួញដូរមាសជាមួយជាមួយរុស្ស៊ី។

អង់គ្លេសកាលពីថ្ងៃសុក្រសប្តាហ៍មុនបានកែប្រែគោលការណ៍ណែនាំស្តីពីការដាក់ទណ្ឌកម្មរបស់ខ្លួន ដើម្បីបញ្ជាក់ឱ្យបានយ៉ាងច្បាស់ថា ស្ថាប័នរបស់អង់គ្លេសមិនអាចជួយទីក្រុងមូស្គូលក់ទុនបម្រុងជាមាសរបស់ប្រទេសរុស្ស៊ីបានទេ ខណៈដែលក្រសួងរតនាគារអាមេរិកបានឱ្យដឹងមួយថ្ងៃមុននេះថា ប្រតិបត្តិការទាក់ទងនឹងមាសដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីអាចត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាធរសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបថា ការនាំចេញមាសទៅប្រទេសរុស្សីនឹងតម្រូវឱ្យមានការយល់ព្រមជាមុនដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន ខណៈដែលច្បាប់ថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមេសា។

លោក Kishida បានប្រកាសផែនការដកហូតឋានៈពាណិជ្ជកម្មជាប្រទេសអនុគ្រោះបំផុតរបស់រុស្ស៊ី ដែលអាចឈានទៅរកការដកហូតពន្ធខ្ពស់លើការនាំចូលរបស់រុស្ស៊ី ក៏ដូចជាការហាមឃាត់លើការនាំចូលមួយចំនួនពីប្រទេសរុស្ស៊ីផងដែរ។

ប្រទេសជប៉ុនក៏បានបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងស្ថាប័នជាង ១០០របស់រុស្ស៊ី ហើយកំពុងពិចារណាលើការពង្រីកបទប្បញ្ញត្តិហិរញ្ញវត្ថុចំពោះការដោះដូររូបិយប័ណ្ណគ្រីបតូដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕