(បាងកក)៖ ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា ស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃនៅត្រីមាសទី១ ឆ្នាំនេះនៅតែស្ថិតក្នុងស្ថានភាពមិនល្អ ខណៈហានិភ័យនៃភាពអត់ការងារធ្វើកាន់តែច្រើននៅតែគ្របដណ្តប់លើទស្សនវិស័យសម្រាប់ត្រីមាសបន្ទាប់ ដែលភាគច្រើនបង្កឡើងដោយវីរុសប្រភេទអូមីក្រុង និងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ដោយដកស្រង់សំដីលោក Chamnan Srisawat ប្រធាន TCT ថា៖ «ប្រតិបត្តិករទេសចរណ៍នៅតែជួបការលំបាកក្នុងការរក្សាដំណើរការអាជីវកម្មដោយសារចំនួនភ្ញៀវទេសចរមិនទាន់ស្ទុះងើបឡើងវិញពេញលេញនៅឡើយ ដោយសារវិធានធ្វើដំណើរបច្ចុប្បន្ន។ ឧបសគ្គនេះចាំបាច់ត្រូវដកចេញ មុនពេលប្រតិបត្តិករកាន់តែច្រើនដួលរលំ»។

យោងតាមការស្ទង់មតិរបស់ TCT ដែលបានស្ទង់មតិលើអ្នកធ្វើដំណើរអន្តរជាតិចំនួន២០០នាក់ក្នុងអំឡុងពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី១០ ខែមីនា អ្នកឆ្លើយតប ៧១% បានយល់ស្របថា ការធ្វើតេស្តរហ័ស និងតេស្ត PCR នៅពេលមកដល់គឺជាដំណើរការគួរឱ្យធុញទ្រាន់មួយនៅពេលទៅលេងប្រទេសថៃ។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ទំនុកចិត្តទេសចរណ៍របស់ TCT នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ស្ថិតនៅកម្រិត ៤៤ ដែលមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ពីធៀបនឹងកម្រិត ៣៦ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ប៉ុន្តែទាបជាងកម្រិត ៤៧ ដែលទទួលបានក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។

សន្ទស្សន៍នេះឆ្លុះបញ្ចាំងពីទំនុកចិត្តទេសចរណ៍ខ្សោយ ដោយសារតួលេខក្រោម ១០០ បង្ហាញពីទំនុកចិត្តទាបក្នុងចំណោមឧស្សាហកម្មទេសចរណ៍។

ការស្ទង់មតិដែលត្រូវបានធ្វើឡើងក្នុងចំណោមប្រតិបត្តិករចំនួន ៧០៤ស្ថាប័នក្នុងអំឡុងពេលពីថ្ងៃទី២០ ខែកុម្ភៈដល់ថ្ងៃទី១០ ខែមីនា បានរកឃើញផងដែរថា កន្លែងកម្សាន្តដែលត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតដោយការទប់ស្កាត់ជំងឺរាតត្បាត មានទំនុកចិត្តទាបបំផុតត្រឹមតែកម្រិត ២០ ប៉ុណ្ណោះពោលគឺធ្លាក់ចុះពី៤១ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Chamnan Srisawat បានថ្លែងថា ៧៨% នៃប្រតិបត្តិករទាំងអស់កំពុងតស៊ូក្នុងការបង្កើនប្រាក់ចំណូល ៤៥% បានថ្លែងថា ប្រាក់ចំណូលរបស់ពួកគេបានថយចុះ ខណៈពេលដែល ប្រតិបត្តិករ ៣៣% ទៀតអាចរក្សាកម្រិតប្រាក់ចំណូលដូចដែលធ្លាប់ទទួលបាននៅក្នុងត្រីមាសចុងក្រោយ។

ទន្ទឹមនឹងនេះដែរ ១៤% នៃម្ចាស់សណ្ឋាគារ ១៤០នាក់ នៅក្នុងការស្ទង់មតិទូទាំងប្រទេសបានបន្តកាត់បន្ថយបុគ្គលិក បើទោះបីជាប្រទេសថៃបានបើកដំណើរការឡើងវិញកាលពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕