(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២២នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបាន ២២%ហើយ។ នេះបើយោងតាម លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលចំណាយទុនវិនិយោគចំនួនប្រមាណ ៨៨០ លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើរយៈពេលរយៈពេលសាងសង់សរុបចំនួន៣៦ខែ ឬ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ៧០%ជាពលករខ្មែរ។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។
លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា មកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ប្រតិបត្តិការអាកាសសម្រេចបានជិត២៤% នៃបរិមាណការងារសរុបក្នុងនោះមាន៖ សំណង់ផ្លូវរត់ ផ្លូវបរចំណតអាកាសយាន-ឧទ្ធម្ភាគចក្រ សំណង់ប្រព័ន្ធលូបញ្ជៀសទឹក សំណង់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវរត់ផ្លូវបរ ចំណតអាកាសយាន-ឧទ្ធម្ភាគចក្រ និងប្រព័ន្ធភ្លើងនាំផ្លូវយន្តហោះសំណង់ប្រព័ន្ធឧបករណ៍នាំផ្លូវ និងប្រព័ន្ធចុះចតយន្តហោះសំណង់ផ្លូវ និងច្រករបៀងពាក់ព័ន្ធផ្សេងៗ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រតិបត្តិការទូទៅ និងស្ថានីយសម្រេចបានជិត២០%។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងអាចមានសមត្ថភាពទទួលយន្តហោះធុនធំ ដែលមកពីចម្ងាយមកចុះចត នៅក្នុងខេត្តសៀមរាបតែម្តង ខណៈព្រលានយន្តហោះបច្ចុប្បន្ន អាចទទួលការចុះចតយន្តហោះ បានតែប្រភេទធុនតូចតែប៉ុណ្ណោះ។ មិនអាចទទួលបានយន្តហោះធុនធំនោះទេ។

តាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងមានសមត្ថភាពទទួលបានយន្តហោះរហូតដល់កូដអ៊ី (4E) ដែលមានចំនួន៣៨ចំណត ទទួលអ្នកដំណើរបាន៧លាននាក់ក្នុងឆ្នាំ និងទំនិញតាមផ្លូវអាកាស ១០,០០០តោនក្នុងឆ្នាំ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។ នាពេលខាងមុខ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា ទីក្រុងអាកាសយានដ្ឋាន ដែលមានដីបម្រុងប្រមាណ១០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋាន ដែលបានចុះ ហត្ថលេខា នៅខែតុលា ឆ្នាំ២០២១ផងដែរ៕