(ភ្នំពេញ)៖​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពង្រឹងសមត្ថភាពប្រធានសាខាគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស លើការគ្រប់គ្រងសាខា ប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ តាមរយៈការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស។

សិក្ខាសាលាថ្នាក់តំបន់ ត្រូវបានរៀបចំឡើងបន្ទាប់ពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ដាក់ឱ្យប្រើជាផ្លូវការនូវ ក្រមប្រតិបត្តិវិស័យធនាគារនិងហិរញ្ញវត្ថុ កាលពីដើមខែមីនា ឆ្នាំ២០២២។ សិក្ខាសាលាពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំជា៥តំបន់ ដោយចាប់ផ្តើមពី រាជធានីភ្នំពេញចន្លោះពីថ្ងៃទី២៨ដល់៣០ ខែមីនា ឆ្នាំ២០២២ និងបន្តទៅ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តក្រចេះ នាខែបន្តបន្ទាប់។ ប្រធានសាខាថ្នាក់ខេត្ត-ស្រុក-តំបន់ តាមតំបន់នីមួយៗ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ ក្នុងគោលបំណង ១.ពង្រឹងសមត្ថភាពនិងគុណវុឌ្ឍិ ក្នុងក្របខ័ណ្ឌការងាររបស់ប្រធានសាខា ២.ផ្តល់ឱកាសជូនប្រធានសាខា ដើម្បីស្វែងយល់អំពី ក្រម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និង៣.ផ្តល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ កត្តាប្រឈម ដំណោះស្រាយ និងការកសាងបណ្តាញទំនាក់ទំនងរវាងប្រធានសាខា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងនិយ័តករ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាតំបន់សម្រាប់រាជធានីភ្នំពេញ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ «កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានយកចិត្តទុកដាក់ទៅលើការពង្រឹង ឧត្តមភាពនៃធនធានមនុស្សដែលជាប្រតិបត្តិករហិរញ្ញវត្ថុតាមរយៈវគ្គបណ្តុះបណ្តាលនានា ដែលបានរៀបចំដោយសមាគម និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន តាមវិធាននានា ដូចជា ក្រមនិងវិធានផ្ទៃក្នុងនៅក្នុងវិស័យរួមមាន វិធានផ្តល់ប្រាក់កម្ចី កិច្ចការពារអតិថិជន និង ការដោះស្រាយបណ្តឹងជាដើម ជាពិសេសទៅទៀត សមាគមបានសម្របសម្រួល និងផ្តល់កម្មវិធីនានាដែលជា ការអប់រំផ្នែកហិរញ្ញវត្ថុ ជូនភាគីពាក់ព័ន្ធ ជាចំណែកដើម្បីជ្រុំជ្រែងភាពរឹងមាំនៃវិស័យរបស់យើង។»

ការគ្រប់គ្រងសាខាប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រូវបានចាត់ទុកជាមុខងារដ៏សំខាន់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំគ្រប់គ្រងសាខា គឺជាតួអង្គជួរមុខដ៏សំខាន់ ដែលនាំឱ្យធុរៈកិច្ចហិរញ្ញវត្ថុទទួលបានជោគជ័យ ឬបរាជ័យ។ ក្នុងនោះផងដែរ សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជម្រុញ ប្រសិទ្ធភាពប្រតិបត្តិការ និងផលចំណេញរបស់សាខា។ លើសពីនេះទៅទៀត ប្រធានសាខាជាមេដឹកនាំដែលនាំមកនូវកេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុនផងដែរ ពីព្រោះគាត់ជាអ្នកដឹកនាំក្រុមការងាររបស់ខ្លួនផ្ទាល់ ដើម្បីប្រតិបត្តិការសេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជនដោយផ្ទាល់។ មុខងារអាទិភាពចម្បងៗរបស់ប្រធានសាខា រួមមាន៖ ការដឹកនាំក្រុមការងារដើម្បីរកប្រាក់ចំណូលជូនក្រុមហ៊ុន ការគ្រប់គ្រងធនធានមនុស្ស ការប្រតិបត្តិផែនការអាជីវកម្ម និងសេវាបម្រើអតិថិជន។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីបើកថា៖ «សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងក្រមសីលធម៌ និងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជួរមុខរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបាននិងកំពុងផ្តល់សេវា ជាចាំបាច់សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធានាបាននូវនិរន្តរភាពវិស័យ ក៏ដូចជាការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ ប្រធានសាខានីមួយៗ ត្រូវធានាបានថាសេវារបស់ខ្លួនធ្វើឱ្យ អតិថិជនទទួលបានជោគជ័យពិតប្រាកដ ហើយនេះទើបជាជោគជ័យពិតរបស់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល»

សិក្ខាសាលាទំាង៥តំបន់នេះ ទទួលបានការរួមសហការជាមួយការិយាល័យឥណទានកម្ពុជា (CBC) ក្រោមការចង្អុលបង្ហាញពីធនាគារជាតិនៃកម្ពុជា នឹងចូលរួមលើកកម្ពស់និរន្តរភាព របស់គ្រឹះស្ថានហិរញ្ញវត្ថុផង ជាឧត្តមប្រយោជន៍ដល់អតិថិជនផង និង វិស័យហិរញ្ញវត្ថុទាំងមូលផង ក៏ដូចជាចូលរួមចំណែកជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕