(តៃប៉ិ)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់បានឱ្យដឹងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការផាត់ប្រទេសរុស្ស៊ីចេញប្រកបដោយប្រសិទ្ធភាពពីប្រព័ន្ធរូបិយប័ណ្ណសកល អាចជាឱកាសសម្រាប់ប្រទេសចិនក្នុងការបង្កើនការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួនក្នុងទីផ្សារអន្តរជាតិ ដើម្បីប្រជែងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសរុស្ស៊ីបានឱ្យដឹងថា ប្រទេសនេះកំពុងពឹងផ្អែកលើប្រទេសចិនដើម្បីជួយខ្លួនឱ្យទប់ទល់នឹងព្យុះបោកបក់មកលើសេដ្ឋកិច្ចរបស់ខ្លួនពីការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ហើយនឹងប្រើប្រាស់ប្រាក់យ័នចិនពីទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនបន្ទាប់ពីទណ្ឌកម្មបានរារាំងប្រទេសនេះមិនឱ្យចូលទៅប្រើប្រាស់ប្រាក់បម្រុងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chen Ming-tong អគ្គនាយកនៃការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ខណៈថ្លែងទៅកាន់សភាកាលពីថ្ងៃចន្ទថា ប្រទេសចិនតែងតែចង់បានវិធីមួយដើម្បីគេចចេញពីភាពលើសលុបនៃប្រាក់ដុល្លារអាមេរិក ហើយសង្រ្គាមនេះអាចបង្កើនការប្រើប្រាស់ប្រាក់យន់។

លោក Chen មានប្រសាស៍ថា «មិនថានៅក្នុងពាណិជ្ជកម្មជាប្រាក់យ័ន ឬប្រព័ន្ធទូទាត់ជារូបិយប័ណ្ណជាប្រាក់យ័ននោះទេ វាគឺជាឱកាសដែលត្រូវតែទទួលយក» ដោយប្រទេសចិន។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកសន្តិសុខ តាំង ពីកើតមានសង្គ្រាមនេះមក ដោយខ្លាចទីក្រុងប៉េកាំងធ្វើសកម្មភាពស្រដៀងគ្នានេះប្រឆាំងដីកោះនេះ។

ទីក្រុងប៉េកាំងបានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយបានទទូចថា ខ្លួននឹងរក្សាការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា។ ទីក្រុងប៉េកាំងបានបដិសេធថ្កោលទោសសកម្មភាពរបស់ក្រុងម៉ូស្គូចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន ឬមិនបានហៅសង្គ្រាមនេះថាជាការឈ្លានពាននោះទេ។

ប៉ុន្តែនៅពីក្រោយឆាកវិញ ប្រទេសចិនមានការប្រយ័ត្នប្រយែងចំពោះក្រុមហ៊ុនរបស់ខ្លួនដែលកំពុងប្រតិបត្តិការប្រឆាំងនឹងទណ្ឌកម្ម និងកំពុងជំរុញក្រុមហ៊ុននានាឱ្យដើរដោយប្រុងប្រយ័ត្នជាមួយនឹងការវិនិយោគនៅក្នុងប្រទេសរុស្ស៊ី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំទីពីរ និងជាអ្នកផ្តល់ឧស្ម័នធំជាងគេទីបីរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕