(ដូហា)៖ នាយកប្រតិបត្តិក្រុមហ៊ុន Totalenergies លោក Patrick Pouyanne បានឱ្យដឹងថា តម្លៃឧស្ម័ននៅអឺរ៉ុបនឹងបន្តកើនឡើងរហូតទាល់តែមានការសម្រេចចិត្តមួយថា អឺរ៉ុបនឹងប្រើប្រាស់ឧស្ម័នសម្រាប់រយៈពេលវែងដែលនឹងទាក់ទាញការវិនិយោគ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃថាមពលបានកើនឡើងចាប់តាំងពីប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញឥន្ធនៈដ៏ធំមួយ បានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលជំរុញឱ្យមានការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច និងបង្កក្តីព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Pouyanne ខណៈថ្លែងក្នុងកិច្ចពិភាក្សាមួយនៅឯវេទិកាក្រុងដូហាប្រចាំឆ្នាំក្នុងប្រទេសកាតាថា៖ «សម្រាប់ខ្ញុំ វាច្បាស់ណាស់ថា តម្លៃឧស្ម័ននៅអឺរ៉ុបនៅថ្ងៃស្អែក នឹងខ្ពស់ជាងតម្លៃនៅថ្ងៃម្សិលមិញ»។

ក្រុមអ្នកបង្កើតគោលនយោបាយអឺរ៉ុបកំពុងធ្វើការងារដើម្បីបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលសន្សឹមៗ ដើម្បីសម្រេចបានគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ ប៉ុន្តែលោក Pouyanne បាននិយាយថា វិធីគ្រប់គ្រងការកើនឡើងតម្លៃគឺត្រូវទទួលយកតម្រូវការឧស្ម័នថាជាផ្នែកមួយនៃថាមពលចម្រុះដែលត្រូវបានប្រើប្រាស់សម្រាប់ឆ្នាំខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «តើយើងទទួលយកឧស្ម័នថាជាឥន្ធនៈអន្តរការ ហើយយើងត្រូវការវាសម្រាប់រយៈពេល ២០-២៥ ឆ្នាំខាងមុខ ហើយបន្ទាប់មកអ្នកវិនិយោគគេនឹងមកវិនិយោគ?»

លោកបានបន្ថែមថា វាជារឿងជៀសមិនរួចទេ ដែលអឺរ៉ុបដែលពឹងផ្អែកលើឧស្ម័នរុស្ស៊ីប្រហែល ៣០% ទៅ ៤០% នៃតម្រូវការរបស់ខ្លួន នឹងស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងទៀត ដោយត្រូវការការវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ជាដើម។

ក្រុមហ៊ុន Totalenergies គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានឱ្យដឹងថា ពួកគេនឹងមិនធ្វើការវិនិយោគថ្មីណាមួយនៅក្នុងប្រទេសរុស្ស៊ីនោះទេ។

ក្រុមហ៊ុននេះកំពុងស្វែងរកជម្រើសនានាសម្រាប់ទ្រព្យសម្បត្តិដែលមានស្រាប់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃឧស្ម័នបានកើនឡើងបន្ថែមទៀតក្នុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងតម្រូវឱ្យទូទាត់ជាប្រាក់រូបរបស់រុស្ស៊ីម្រាប់ឧស្ម័នដែលបានលក់ទៅឱ្យប្រទេស «មិនមែនជាមិត្ត» ដែលបន្ថែមក្តីបារម្ភថា ការផ្គត់ផ្គង់អាចត្រូវបានរំខាន។

ប្រទេសកាតា ដែលជាប្រទេសនាំចេញ LNG ដ៏ធំមួយក្នុងពិភពលោក បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ការទាមទារនេះនឹងមិនប៉ះពាល់ដល់ផែនការទូទាត់រយៈពេលវែងនៅក្នុងអាជីវកម្មប្រេង និងឧស្ម័ននោះទេ។

លោក Saad al-Kaabi ប្រធានក្រុមហ៊ុន Qatarenergy និងជារដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសកាតាបានថ្លែងក្នុងក្រុមពិភាក្សានេះថា៖ «ខ្ញុំគិតថា នេះគ្រាន់តែជាអ្វីដែលកំពុងកើតឡើងជាប្រតិកម្មប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនគិតថា វានឹងផ្លាស់ប្តូរវិធីដែលយើងបាននិងកំពុងធ្វើឡើងជាយូរមកហើយ ហើយយើងនឹងធ្វើនៅក្នុងពេលអនាគតនោះទេ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕