(ភ្នំពេញ)៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់អំពីចំណុចខ្លាំង នៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ជាមួយនឹងការលើកទឹកចិត្ដវិនិយោគ ទាំងក្នុងស្រុក និងបរទេស ដោយពុំមានការរើសអើង។

លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់ឲ្យដឹងថា ការបើកចំហសេដ្ឋកិច្ច និងបរិយាកាសវិនិយោគអំណោយផល ដោយការបើកចំហសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់ នូវរបបនៃការលើកទឹកចិត្ដ វិនិយោគ ទាំងក្នុងស្រុក និងបរទេស ដោយពុំមានការរើសអើង។

បន្ថែមពីនោះទៀត មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សមត្ថភាពផលិតកម្ម ប្រកួតប្រជែង ព្រោះកម្ពុជា នៅតែជាប្រទេសមានកម្លាំងពលកម្មវ័យក្មេង និងថ្លៃកម្លាំងពលកម្មប្រកួតប្រជែង ជាមួយនឹងសមត្ថភាពផលិតកម្ម ដែលអាចឆ្លើយតបទៅនឹងបរិមាណបញ្ជាទិញបាន។

លើសពីនោះទៀត ការទទួលបានប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម លោកបណ្ឌិត ផាន់ ផល្លា បានឲ្យដឹងថា កម្ពុជា បានទទួលនូវប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម រួមមាន៖ EBA ក្នុងឋានៈជាប្រជាជាតិដែលទទួលបាន ការអនុគ្រោះបំផុត (MFNs) និង GSP សម្រាប់ផលិតផលសម្ភារៈសម្រាប់ធ្វើដំណើរ (ឬផលិតផលកាបូប)។

ជាពិសេស អនុលោបភាពផ្នែកសង្គម និងមានក្រមសីលធ៌ម លោកបណ្ឌិត បានលើកឡើងថា កម្ពុជា បានកសាងកេរ្ដិ៍ឈ្មោះ ជាគោលដៅផលិតកម្ម ដែលគោរពនូវបទដ្ឋានល្អ និងលក្ខខណ្ឌការងារ តាមរយៈការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ និងការចូលរួមរបស់ដៃគូអភិវឌ្ឍ រួមទាំងការអនុវត្ដគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ។

ដោយឡែក យន្ដការចរចារ ប្រាក់ឈ្នូលអប្បបរមា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ជាយន្ដការគំរូមួយ ប្រកបដោយតម្លាភាព ការចូលរួម និងការយកចិត្ដទុកដាក់ខ្ពស់លើទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករ និយោជិត ក៏ដូចជាថ្លឹងថ្លែងពីចីរភាពវិស័យនេះ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ផាន់ ផល្លា។

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា បញ្ហាកូវីដ-១៩ និងបញ្ហាសង្គ្រាម នៅប៉ែកខាងកើតនៃទ្វីបអ៊ឺរ៉ុប ធ្វើឲ្យស្ថានភាពពិភពលោក មានភាពមិនច្បាស់លាស់ ដូច្នេះ កម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដើម្បីជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ដែលផ្តល់នូវក្ដីសង្ឃឹម ដល់វិនិយោគិន និងកម្មករនិយោជិត។

ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងទៀតថា វិស័យកាត់ដេរ គឺជាវិស័យដែលប្រើប្រាស់កម្លាំងពលកម្ម ច្រើន ហើយកម្មករនិយោជិត គឺជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់រោងចក្រសហគ្រាស។ ការចាប់ផ្ដើមដោយការ បន្តពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព គឺជាចំណុចដែលមិនអាចខ្វះបាន ពីព្រោះផលិតភាពខ្ពស់ នាំឲ្យមានលក្ខណៈប្រកួតប្រជែងផ្នែកតម្លៃ៕