(កំពត)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ទោះបីកម្ពុជាជួបការលំបាកបណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណា ក៏សកម្មភាពប្រតិបត្តិការក្នុងវិស័យមីក្រូនៅកម្ពុជានៅតែដំណើរការ និងប្រតិបត្តិការដោយការទទួលខុសត្រូវខ្ពស់ជានិច្ច។ ក្នុងអំឡុងរងការប៉ះពាល់ពីកូវីដ១៩នេះ គ្រឹះស្ថានធគារ និងហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញ ដើម្បីគាំពារដល់អតិថិជនរបស់ខ្លួនទៀតផង។

ការលើកឡើងរបស់លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនអ្នកពាក់ពន្ធ័ក្នុងទឹកឈូ ខេត្តកំពត។

លោក ម៉ែន ភក្តី បានថ្លែងថា ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ៣៧,៣០ទ្រីលានរៀល ស្មើនឹង៩,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ៣១,៩៦ ទ្រីលានរៀល ស្មើនឹង៧,៨៤ ប៊ីលានដុល្លារអាមេរិក ផ្តល់ដល់អតិថិជនជាង១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង ២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបមានប្រមាណ ១៦,៨៤ ទ្រីលានរៀល ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក។

លោក ម៉ែន ភក្តីបានបញ្ជាក់ទៀតថា «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពិសេសក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រវិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ ដោយអនុញ្ញាតឲ្យវិស័យនេះ មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន»។

លោកបានបន្ថែមា ដើម្បីពង្រឹងតួនាទីដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានធ្វើសកម្មភាព និងយុទ្ធនាការនានាជាច្រើន ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ជំរុញការផ្តល់ឥណទានប្រកដោយការទទួលខុសត្រូវ និងពង្រឹងគោលការណ៍ផ្តល់កម្ចីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

លោកក៏បានសំណូមពរឲ្យមានការជួយផ្សព្វផ្សាយ និងអប់រំប្រជាជនឲ្យខ្ចីប្រាក់ពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ដោយឡែកផ្នែកពាក់ពន្ធ័គប្បីត្រូវចូលរួមពិនិត្យ ស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ស្នើសុំប្រាក់កម្ចី។

លោកក៏បានស្នើអាជ្ញាធរមូលដ្ឋានឲ្យបន្តរាយការណ៍ និងចូលរួមសហការចាត់វិធានការ ចំពោះសកម្មភាពប្រមូលប្រាក់សន្សំខុសច្បាប់ ឬផ្តល់កម្ចីដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីបានទប់ស្កាត់ទាន់ពេលវេលាកុំឲ្យប្រជាជន ក្នុងមូលដ្ឋានខ្លួនរងគ្រោះ និងជាប់បំណុលវ័ណ្ឌក ពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័។

សូមជម្រាបថា តាមរយៈតាមរបាយការណ៍ស្ថានភាពប្រាក់កម្ចីនៅកម្ពុជាឆ្នាំ២០២១ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញដោយលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា សម្រាប់ស្រុកទឹកឈូមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ១៣កំពុងផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដល់អតិថិជននៅក្នុងស្រុកទឹកឈូចំនួន១៦.៧១១ នាក់ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ៧៣ លានដុល្លារ។ ចំណែកឯអតិថិជនប្រាក់បញ្ញើមាន២៥.២៤០នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ១៤ លានដុល្លារអាមេរិក៕