(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ការប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» គ្រោងនឹងធ្វើឡើងនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

តាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ក្នុងគោលបំណង ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៃ កម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី នៅលើទីផ្សារជាតិ និងអន្តរជាតិ , អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី», លើកកម្ពស់គុណភាពសំបកវេចខ្ចប់ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារ ជាគោលដៅទេសចរណ៍ និងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

លោក ច័ន្ទ ឡាលីន មន្រ្តីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនានេះថា បន្ទាប់ពី «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្ត នឹងជំរុញឱ្យកេរ្តិ៍ឈ្មោះផលិតផលនេះ កាន់តែល្បីនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ បង្កើនតម្លៃបន្ថែម ព្រមទាំងជួយលើកស្ទួយជីវភាពប្រជាជន នៅក្នុងតំបន់ប្រមូលទឹកឃ្មុំព្រៃមណ្ឌលគិរី។

លោកបានបញ្ជាក់ថា បន្ទាប់ពី «ទឹកឃ្មុំព្រៃមណ្ឌលគិរី» មានកេរ្តិ៍ឈ្មោះល្បី និងមានអ្នកស្គាល់ច្រើន បានធ្វើឱ្យទីផ្សាររបស់ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កាន់តែធំជាងមុនដោយបច្ចុប្បន្ននេះ ទីផ្សារទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី ត្រូវបានពង្រីកស្ទើតែ២៥ខេត្តក្រុង ដែលភាគច្រើនលក់ចេញ និងចែកចាយ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ហើយបន្ទាប់ពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ផលិតផលនេះក៏នឹងគ្រោងនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។

លោកបន្ថែមថា «ទឹកព្រៃមណ្ឌលគិរី យើងត្រៀមនឹងនាំចេញហើយ ពេលដែលយើងបានផ្លាកឡូហ្គោពីមន្ទីរពាណិជ្ជកម្ម ពេលដែលយើងសម្ពោធថ្ងៃទី២៧ ខែមីនាខាងមុខនេះ។ ឥឡូវនេះយើងមានកុងត្រាជាមួយទីផ្សារធំៗពីរ គឺ KOC និង SOA ហើយពួកគាត់ក៏កំពុងត្រៀមនាំចេញទៅខាងក្រៅដែរ គ្រាន់តែអត់ដឹងថា ប៉ុន្មានលីត្រទេ។ យើងគ្រោងនាំចេញតាំងពីឆ្នាំមុន តែដោយសារបញ្ហាកូវីដបានធ្វើឱ្យរាំងស្ទះ»

បច្ចុប្បន្ននេះ ទឹកឃ្មុំព្រៃមណ្ឌលគិរី មានតម្លៃប្រមាណ២០ដុល្លារទៅ៣០ដុល្លារក្នុងមួយលីត្រ។ ក្នុងឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ១០០តោន។ ក្នុងមួយឆ្នាំការប្រមូលផលទឹកឃ្មុំ ដែលសុទ្ធល្អបាន១ម្តងប៉ុណ្ណោះ គឺចាប់ពីខែមីនា ដល់មិថុនា។ ហើយចាប់ពីខែមិថុនាទៅ គឺជាប្រភេទទឹកឃ្មុំខែវស្សា ដែលមានជាតិទឹកច្រើន។ ការប្រមូលផល និងផលិត«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុងខេត្តមណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង២០០០ពាន់គ្រួសារ។

យោងតាម សៀវភៅបន្ទុក ផលិតផលសម្គាល់ភូមិសាស្រ្ត «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ការប្រមូលទឹកឃ្មុំព្រៃមណ្ឌលគិរី បញ្ជាក់ពីប្រភពដើមផលិតសម្គាល់ភូមិសាស្រ្ត លុះត្រាតែស្ថិតនៅស្រុក ឬក្រុងមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ដូចជាស្រុកកោះញែក ស្រុកពេជ្រាដា ស្រុកអូរាំង ស្រុកកែវសីមា និងក្រុងសែនមនោរម្យ។

ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានគេប្រមូលយកតាមបច្ចេកទេស បែបប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិចព្នង និងបច្ចេកទេសកែលម្អ ដែលណែនាំដោយអ្នកជំនាញ ដើម្បីឆ្លើយតបទៅនឹងការប្រមូលនឹងការប្រមូលប្រកបដោយនិរន្តភាព និងស្តង់ដារអនាម័យ។ ការប្រមូលយកតែឃ្មុំ គឺត្រូវយកឃ្មុំដែលចាស់ ឬនៅពេលដែលរន្ធសំបុកបិតជិតល្អ ហើយយកតែក្បាលទឹក៨០% និងរក្សាទុកក្បាលទឹកឃ្មុំ ២០% ដោយត្រូវរក្សាសំបុកឃ្មុំទាំងមូល សម្រាប់ឱ្យឃ្មុំបន្តរស់នៅក្នុងសំបុករបស់វា។ ជាទូទៅសំបុកមួយគេអាចប្រមូលផលទឹកឃ្មុំ បានចន្លោះពី២ ទៅ៣ ដង ដែលចំនួនទឹកឃ្មុំដែលយកលើកទី២ និងទី៣ មានបរិមាណច្រើនជាងយកលើកទី១។ ចំណែកក្បាលទឹក ត្រូវតែកាត់ដោយប្រើកាំបិតធ្វើពីឬស្សី ឬឈើ មិនមែនដែក ស្ពាន់ ឬអីណុកឡើយ។

សមាជិកសមាគមទាំងអស់ ត្រូវតែថែរក្សាការពារជីវចម្រុះក្នុងព្រៃសហគមន៍ ជាពិសេសក្នុងតំបន់ដែលឃ្មុំរស់នៅ ដោយត្រូវការពារកុំឱ្យមានផ្សែង ភ្លើងឆេះព្រៃ និងសម្លេងលឺខ្លាំង ដែលធ្វើឱ្យរំខាន និងប៉ះពាល់ដល់ការរស់នៅរបស់ឃ្មុំ។ ហាមដាច់ខាតចំពោះការប្រើប្រាស់ថ្នាំពុលគីមី ក្នុងតំបន់ដែលឃ្មុំរស់នៅ និងព្រៃសហគមន៍៕