(បាងកក)៖ តម្លៃនាំចេញអង្ករក្នុងប្រទេសនាំចេញអង្ករធំៗ គឺប្រទេសឥណ្ឌា និងថៃបានធ្លាក់ចុះក្នុង សប្តាហ៍នេះដោយសារការធ្លាក់ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុក ខណៈឈ្មួញកំពុងរង់ចាំការប្រមូលផលក្នុងប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អង្គរចម្អិនមួយផ្នែក (parboiled) ប្រភេទបាក់ ៥% របស់ប្រទេសឥណ្ឌាត្រូវបានស្រង់តម្លៃចន្លោះពី ៣៦៧ដុល្លារទៅ ៣៧០ដុល្លារក្នុងមួយតោន ដែលធ្លាក់ចុះពី ៣៧១ដុល្លារទៅ ៣៧៨ដុល្លារកាលពីសប្តាហ៍មុនដោយការធ្លាក់ចុះតម្លៃប្រាក់រូពីក្នុងគ្រាដែលមានតម្រូវការថេរពីអ្នកទិញសំខាន់ៗ។

ក្រុមហ៊ុនអ្នកនាំចេញមួយដែលមានមូលដ្ឋាននៅទីក្រុង Kakinada រដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាបាននិយាយថា៖ «តម្លៃស្រូវសាលី ពោត និងគ្រាប់ធញ្ញជាតិផ្សេងទៀតបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើប្រៀបធៀបគ្នាវិញ អង្ករមានស្ថិរភាព ហើយនោះហើយជាមូលហេតុដែលអ្នកទិញកំពុងធ្វើការបញ្ជាទិញ»

ប្រាក់រូពីចុះថ្លៃបង្កើនប្រាក់ចំណេញសម្រាប់ពាណិជ្ជករពីការលក់ចេញទៅក្រៅប្រទេស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃអង្ករប្រភេទបាក់ ៥ % របស់ប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម ៤០៨ ទៅ ៤១២ដុល្លារក្នុងមួយ តោនពី ៤១០ ទៅ ៤២៨ដុល្លារក្នុងមួយតោនកាលពីសប្តាហ៍មុន ខណៈប្រាក់បាតថៃបានធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារ។

ការធ្លាក់ចុះថ្លៃប្រាក់បាត កំពុងនាំទៅរកតម្លៃប្រកួតប្រជែង និងជំរុញការលក់ ដោយអង្ករជាង ៧លានតោននៅឆ្នាំនេះនឹងត្រូវនាំចេញ ដែលលើសពីគោលដៅរបស់ខ្លួន។ នេះបើយោងតាមសមាគមអ្នកនាំចេញអង្ករថៃ។

ទោះជាយ៉ាងណា ពាណិជ្ជករម្នាក់បានឱ្យដឹងថា ឡូជីស្ទិកនៅតែជាបញ្ហាប្រឈមដោយកង្វះកប៉ាល់ដឹកជញ្ជូន និងថ្លៃដឹកទំនិញមានកម្រិតខ្ពស់។

ការប្រមូលផលស្រូវថ្មីរបស់ថៃ ត្រូវបានរំពឹងថានឹងចូលទីផ្សារនៅចុងខែនេះ។

អង្ករប្រភេទបាក់ ៥ % របស់វៀតណាមមានតម្លៃ ៤១៥ ទៅ ៤២០ដុល្លារក្នុងមួយតោន ដែលមិនមានការប្រែប្រួលឡើយបើធៀបនឹងមួយសប្តាហ៍មុន។

ខណៈពេលដែលការផ្គត់ផ្គង់កំពុងកើនឡើង ក្នុងគ្រាដែលការប្រមូលផលនៅតំបន់ដីសណ្តទន្លេមេគង្គ ក្រុមឈ្មួញបានទិញពីកសិករដើម្បីជំរុញឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះ នេះបើយោងតាមពាណិជ្ជករដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។

ទិន្នន័យដឹកជញ្ជូនបឋមបានបង្ហាញថា អង្ករវៀតណាមចំនួន ២៣២.០០០ តោនត្រូវផ្ទុកនៅកំពង់ផែទីក្រុងហូជីមិញក្នុងខែមីនា ដែលភាគច្រើនត្រូវនាំចេញទៅកាន់ប្រទេសហ្វីលីពីន និងអាហ្វ្រិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕